អគ្គិភ័យឆាបឆេះ ដីព្រៃមួយកន្លែង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់

បាត់ដំបង ៖ ដីព្រៃចំការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៥ និង៥០នាទី ថ្ងៃទី២២ ខែមេសា  ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី២ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះ សង្ស័យបង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលអោយឆាបឆេះរាលដាលឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរខាង តែសំណាងល្អត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ពន្លត់ទាន់ពេល មិនបង្កអោយប៉ះពាល់ដល់ផ្ទះសម្បែងឬគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This