លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ក្នុងរដូវប្រាំងនេះ

ប៉ៃលិន ៖  លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានណែនាំ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេស កុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ដែលមាន អាកាសធាតុក្តៅខ្លាំង ។

លោកជំទាវ បញ្ជាក់ថា ក្រៅពីការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាក ដល់ក្រុមគ្រួសារនេះហើយ បើបងប្អូនមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យសុខាភិបាល គឺជា វិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជាតាមរយៈ ការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក សុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល ។ ហើយលោកជំទាវបណ្ឌិត បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា នៅខេត្តប៉ៃលិន បច្ចុប្បន្ន មានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាព ចំនួន៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន៣ និងនៅស្រុកសាលាក្រៅចំនួន៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន២៦នាក់ ស្រី១៤នាក់ ៕

CATEGORIES
Share This