កាកបាទក្រហម និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី យុវជននិងសុវត្ថិភាពចរាចរណ៍
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី “យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក”
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានវត្តមាននៅទីនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយនិងឆន្ទៈមកចូលរួមយុទ្ធនាការនាព្រឹកនេះ។
ឯកឧត្តមប្រធានបានបន្តថា “សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះជារៀងរាល់ឆ្នាំព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន ៕
ដោយ ៖ សាលី