រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំតុបតែង អោយមានភាពទាក់ទាញ ក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បាត់ដំបង ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតឈានជិតមកដល់នោះ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំយ៉ាងមមាញ៉ឹកដោយមានការតុបតែងភ្លើងពណ៌ ក៏ដូចជាទីតាំងសម្រាប់ការរៀបចំសង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ ដែលមានរយៈពេល០៥ថ្ងៃ នៅក្នុងក្រុងបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏ខ្លីខាងមុខនេះដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយ។
ហើយដើម្បីបង្កលក្ខណៈអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានមកលេងកម្សាន្តសប្បាយរីករាយនោះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការរៀបចំពិធីសង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយក្នុងនោះពិធីសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងបរិវេណខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត(សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះដែរ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង ស្រុកទាំង១៤ ក៏ដូចជាផលិតផលក្នុងស្រុក ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែង ទុរេយក្ស ណែមយក្ស ការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ការរៀបចំតុបតែងលម្អភ្លើងពណ៌ការ ការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ និងរៀបចំតំបន់ត្រជាក់ចិត្តផងដែរ៕
ដោយ ៖ សាលី