សមត្ថកិច្ចចម្រុះ ចុះឆែកផ្ទះឈ្មួញលក់ផលិផលពីបក្សី នៅអូរបីជាន់ ១កន្លែង រឹបអូសវត្ថុតាង ដុតបំផ្លាញចោល ជាង ៣តោន

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ រួមមានមន្រ្តីបសុពេទ្យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តែង ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ ១កន្លែងបានរកឃើញវត្ថុតាង ជាផលិតផលពីសាច់មាន់ជាង៣ពាន់គីឡូក្រាម កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ។

វត្ថុតាងដែលដកហូតបានរួមមាន ៖ ធុងទឹកកកចំនួន៤  ផ្ទុកផលិតផលសាច់មាន់ដូចជា ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់ គ្រឿងក្នុង ចុងស្លាបមាន់ ឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម ពីផ្ទះរបស់ឈ្មួញ លក់ផលិតផលសាច់មាន់ មានឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ  រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យវ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល បានឲ្យសារព័ត៌មានដឹងថា ក្រោយពីធ្វើការដកហូតផលិផលពីបក្សីខាងលើ តាមចម្លើយ របស់ឈ្មោះ ជា ដានី ជាម្ចាស់ទំនិញ បាននិយាយប្រាប់សមត្ថកិច្ចថា ស្លាប់មាន់ចម្រុះទាំងអស់នេះ គាត់បានទិញពីឈ្មួញ ដែលនាំចូលពីប្រទេសថៃ យកមកលក់ឲ្យគាត់ ក្នុងភូមិជោគជ័យ ហើយគាត់បានលក់ចែកចាយក្នុងភូមិ និងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យបន្តផងដែរ។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះ បានធ្វើការដកហូត វត្ថុតាងមានផលិតផលសាច់មាន់ចម្រុះសរុប ៣.១០០គីឡូក្រាម គ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ តាមការពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាត់ ព្រោះវាអាចធ្វើឲ្យពលរដ្ឋទិញយកទៅបរិភោគ ប៉ះពាល់សុខភាព។
ក្រោយពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចចម្រុះបានឲ្យ ឈ្មោះ ជា ដានី ជាម្ចាស់ទីតាំងវត្ថុតាងល្មើស ផ្តិតមេដៃ ឲ្យឈប់បន្តទិញផលិតកម្មសត្វ ដែលគ្មានគុណភាពបន្តទៀត។

ចំណែក ផលិតផលសាច់មាន់ចម្រុះ ដែលរឹបអូសបានចំនួន៣.១០០ គីឡូក្រាមនោះ សមត្ថកិច្ចចម្រុះ បានយកទៅដុតកំទេចចោល នៅល្ងាចថ្ងៃដដែលផងដែរ៕

CATEGORIES
Share This