បុរសម្នាក់ ជិះម៉ូតូយកទៅដុតចោល នៅខាងមុខវិមានឯករាជ្យខេត្តបាត់ដំបង ដោយមិនដឹងមូលហេតុ
បាត់ដំបង ៖ បុរសម្នាក់បានជិះម៉ូតូ យកទៅដុតចោលនៅខាងមុខវិមានឯករាជ្យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូម៉ាកសូម័រ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AB-7381ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូរួចយកដែកកេះដុតអោយឆេះ រួចដើរចូលក្នុងវត្តបាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលដាក់គោលដៅផាកនៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ ចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ៕
ដោយ ៖ សាលី