នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃបានមួយថ្ងៃ
បាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន ៖ ទូរស័ព្ទដៃម៉ាក iphone 11 ពណ៌បៃតង ០១គ្រឿង ( ជារបស់ជនរងគ្រោះ ), ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅផ្កាឈូក ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1W-6368 ០១គ្រឿង( ជាមធ្យោបាយជិះធ្វើសកម្មភាព )។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១០និង៥៩នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូ ០១ គ្រឿង ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ថា ស្រីនុត ភេទស្រី អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ហើយជនសង្ស័យបានជិះរត់គេចខ្លួនបាត់។
ក្រោយទទួលបានបណ្តឹង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី