ឯកឧត្តម ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។

ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថាភាគច្រើននៃឧក្រិដ្ឋកម្មដូចបានបញ្ជាក់មកនេះ បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជាបានទទួលពាក់បណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្ដឹងដោយជនបរទេសប្រមាណ ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែងមានប្រមាណតែជាង ១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋ ដែលប៉ុនប៉ងប្រព្រឹត្តនៅ កម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។

ដោយឡែកសម្រាប់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ដូចជាអំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែងអនឡាញខុសច្បាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងអំឡុងដើមខែមីនាមកនេះ អាជ្ញាធរកម្ពុជាបានស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តិល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ ៤០០នាក់។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទាំងមេក្លោងនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត សុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស។ ចំណែកអ្នកពាក់ព័ន្ធដែលខ្លះមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។

ដោយឡែកបន្ថែមលើអនុសាន៍ដឹកនាំ ក្នុងកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ពីវេទិកាអធីបតីនៃពិធីនាព្រឹកដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាប រាល់ទីតាំងខារ៉ាអូខេ ក្លិបកំសាន្ត និងបៀហ្គាដិន ដែលមានការសង្ស័យ ពាក់ពន្ធនឹងអំពើជូញដូរផ្លូវភេទ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន៕

CATEGORIES
Share This