ប្រគល់វិញ្ញាបនបត្រ សម្គល់ម្ចាស់អចលនវត្ថុ ចំនួន៣,២៥៤ក្បាលដី ជូនពលរដ្ឋ ២ភូមិ របស់ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ សម្គល់ម្ចាស់អចលនវត្ថុ ចំនួន៣,២៥៤ក្បាលដី ជូនពលរដ្ឋ ២ភូមិ របស់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១ និងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាម្ចាស់សម្គល់អចលនវត្ថុ រឺ ប័ណ្ណកម្មសិទ្ធិ លើកាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដី ចំនួន ៣,២៥៤ក្បាលដី ត្រូវរូតរះមកទទួលយកវិញ្ញាបនបត្រសម្គល់ម្ចាស់អចលនវត្ថុ រឺប័ណ្ណកម្មសិទ្ធិនេះ នៅក្នុងវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍ណាស់សំរាប់ម្ចាស់ដី គឺ ធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍន៍ដី និងបើកអាជីវកម្មបាន ។ មួយវិញទៀត ប័ណ្ណកម្មសិទ្ធិនេះ អាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតបាន មានប័ណ្ណកម្មសិទ្ធិនេះ ក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិ នេះវាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុដើម្បីធានានូវសិទ្ធិស្របច្បាប់ រាល់ការផ្លាស់ប្ដូរ និងផ្ទេរសិទ្ធិត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ៕

CATEGORIES
Share This