រដ្ឋបាលក្រុងសិរីសោភ័ណ នឹងចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ក្នុងបេនឡានចាស់

បន្ទាយមានជ័យ ៖ ដោយមើលឃើញ ពីអាជីវករ និងអ្នកប្រកបអាជីវកម្មរថយន្តតាក់ស៊ី មួយចំនួន មានការលក់ដូរ និងចាប់ម៉ូយ ឬភ្ញៀវបែបអាណាធិបតេយ្យតាមផ្លូវសាធារណេៈ ដែលបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈយ៉ាងខ្លាំង រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា នឹងចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងបេនឡានចាស់ ដែលស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា មួយរយៈកាលកន្លងមកនេះរដ្ឋបាលក្រុងសេរីសោភ័ណ បានមើលឃើញថា ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម ក្នុងបេនឡានចាស់ មួយចំនួនតូចនាំគ្នាលក់ដូរគ្មានសណ្តាប់ធ្នាប់ ជាពិសេសប្រជាពលរដ្ឋដែលប្រកបអាជីវកម្មរថយន្តតាក់ស៊ី និងចាប់ភ្ញៀវនាំគ្នាចាប់ភ្ញៀវ និងម៉ូយនៅ តាមផ្លូវសាធារណៈក្នុងក្រុងសិរីសោភ័យ ដោយគ្មានរបៀបរៀបរយ បណ្ដាលឲ្យមានការស្ទះចរាចរណ៍ ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ យ៉ាងខ្លាំងផងដែរ។

ដើម្បីធានាឲ្យដំណើរការកែលម្អសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងការធ្វើចរាចរ មានភាពងាយស្រួល រដ្ឋបាលក្រុងសិរីសោភ័ណ តម្រូវឲ្យប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម មានលក់ដូរក្នុងបេនឡានចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទ ដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរ ត្រូវតែចូលមកចតក្នុងចំណតរថយន្តចាស់ តាមទីតាំងដែលគណៈកម្មាធិការបានកំណត់ជូន តែរាល់ការដឹកទំនិញ និងសកម្មភាពទាំងឡាយណា ដែលច្បាប់ហាមឃាត់មិនអនុញ្ញាតឲ្យចូលចំណត់បេនឡានចាស់ជាដាច់ខាត។

រដ្ឋបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ទៀតថា អាជីវករលក់ដូរនៅតាមបេនឡានចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទ ដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរ ចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ជាកំហិត ។ ក្រោយពីផុតថ្ងៃកំណត់នៃសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលក្រុងសិរីសោភ័ណ នឹងចុះអនុវត្តច្បាប់មិនអាចលើកលែងឲ្យបានឡើយ។

រដ្ឋបាលក្រុងសេរីសោភ័ណ ជឿជាក់យ៉ាងម៉ុតមាំថា អាជីវករ និងម្ចាស់រថយន្តគ្រប់ប្រភេទដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរនឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងការអភិវឌ្ឍលើកស្ទួយសោភ័ណភាពក្នុងក្រុងសិរីសោភ័ណឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

CATEGORIES
Share This