អាជ្ញាធរខេត្តកំពងស្ពឺ អំពាវនាវឱ្យយុវជន ចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង និងផ្តល់នូវបដិសណ្ឋារកិច្ចល្អ
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ពលរដ្ឋ និងយុវជន ឱ្យចូលរួមលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ ។
ការណ៍នេះធ្វើឡើងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បីទេសចរណ៍) លើបរិវេណសួនសម្តេចសង្ឃ ជួន ណាត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
លោក កៅ សុណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការដាក់ចេញនិងអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋាន៣សំខាន់ៗ ដែលត្រូវគិតគូរស្របគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ឈរលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជា មាសបៃតង តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។
ទន្ទឹមនិងនេះដែរលោក កៅ សុណ្ណារិទ្ធ ក៏បានលើកឡើងដោយគូសបញ្ជាក់ថា ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុង “យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១។ ក្នុងនោះ បញ្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុច ទី៥ គឺ – ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមាន តម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញ គោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។
ហើយជាការកត់សម្គាល់ ឆ្នាំនេះជាឆ្នាំទី១២ ដែលយើងរៀបចំ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ -ទីក្រុងស្អាតដើម្បីទេសចរណ៍» ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង «ទីក្រុងស្អាត និងទេសចរណ៍- ពោលគឺ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែល អាចផ្តល់នូវបទពិសោធនិងការចងចាំ។ ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថាទីក្រុងគឺជាបណ្តុំសម្រាប់ការរស់នៅ ការសម្រាកលម្ហែ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។ ចំណែកឯភាពជោគជ័យនៃវិស័យ ទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាព បរិស្ថាន ភាពស្អាត និង បៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែលទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។ហើយក្នុងន័យនេះ ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខ សុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថានៅឆ្នាំ២០២៣ នេះខេត្តកំពង់ស្ពឺមានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តសរុប ១៣៤ទីតាំងបែងចែកជា៖១- រមណីយដ្ឋាននិងសហគមន៍ទេសចរណ៍សរុប ២៧ ទីតាំងក្នុងនោះ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងកែច្នៃ ០៩ ទីតាំង កសិទេសចរណ៍៣ ទីតាំង ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ១ ទីតាំង កីឡាវាយកូនហ្គោល១ទីតាំង ២-សហគមន៍ទេសចរណ៍៨ ទីតាំង និងគោលដៅទេសចរណ៍មានចំនួន៥ ទីតាំង៕
ដោយ ៖ ប៊ុត សារុន