ផ្លែឪឡឹករបស់កសិករស្រុកព្រះនេត្រព្រះ ត្រូវប៉ាន់ទីផ្សារនៅរាជធានីភ្នំពេញ
បន្ទាយមានជ័យ ៖ ជាក្តីសោមនស្សរីករាយដែលផ្លែឪឡឹករបស់អ្នកស្រុកព្រះនេត្រ ក្នុងឆ្នាំ២០២៤នេះ ត្រូវប៉ាន់មានទីផ្សារនៅភ្នំពេញ ស្របពេលតំលៃដែលកសិករទទួលបានក៏ខ្ពស់សមរម្យ ។
កសិករឈ្មោះ សុខ វ៉ាត់ ប្រកបរបរដាំផ្លែឪឡឹកនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ឆ្នាំនេះការប្រកបរបរដាំឪឡឹកទទួលបានផលល្អ និងតំលៃខ្ពស់ដូចឆ្នាំមុន ហើយត្រូវបានឈ្មួញពីខេត្តកំពង់ធំ មកម៉ៅយកទាំងអស់ ទៅលក់នៅភ្នំពេញ ដែលធ្វើអោយកសិករទទួលបានផលចំណេញសមរម្យអាចផ្គត់ផ្គងគ្រួសារបាន។
ប្រជាកសិកររូបនេះបានអោយដឹងទៀតថា ក្រៅពីធ្វើស្រែមើលគោ រូបលោកតែធ្វើចំការដាំឪឡឹកតពីឪពុកម្តាយ អស់រយៈពេល៨ឆ្នាំមកហើយ ដោយមិនទុកពេលអោយទំនេរ ឬចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃឡើយ ព្រោះការដាំឪឡឹកនេះ ប្រើរយៈពេលតែជាងពីខែទេ នឹងបានផល ។ និយាយជារួម គឺ ចាប់ពីខែមួយ ឬខែពីរយើងចាប់ភ្ជួយដីដាំឪឡឹក ដោយប្រើរយៈពេលជាងពីខែយើងនឹងទទួលផល ដោយក្នុងមួយរ៉ៃ ឈ្មួញមកប្រមូលទិញ ក្នុងតំលៃពីពីរលានពីរសែនរៀល ទៅពីរលាន់បួនសែន ដែលតំលៃនេះជាតំលៃខ្ពស់ ដូចតំលៃឆ្នាំទៅដែរ។
សម្រាប់២០២៤នេះ កសិករខាងលើ បានដាំឪឡឹកលើផ្ទៃដី៥ហិចតាកន្លះ ជាដីជួលគេក្នុងមួយហិចតា៤០ម៉ឺនរៀល ។ តាមរយៈទិន្ធផលល្អ តំលៃថ្លៃ ធ្វើអោយប្រជាកសិករនេះ សម្តែងការរីករាយយ៉ាងខ្លាំង និងសង្ឃឹមថា ឆ្នាំក្រោយតំលៃនៃផ្លែឪឡឹក បានថ្លៃដូចឆ្នាំនេះ ឬបានថ្លៃជាងដើម្បីអោយកសិករយើង កាន់តែមានទឹកចិត្តបង្ករបរដាំដុះនេះបន្តទៀត។
ដោយឡែកបើតាមលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យបានអោយដឹងដែលថា ដោយសារឆ្នាំនេះ មិនមានទឹកជំនន់ ធ្វើអោយប្រជាកសិកររបស់លោក បាននាំគ្នាដាំឪឡឹកច្រើនជាងឆ្នាំទៅ ដែលមានតែ៥ទៅ៦ហិចតា។លោកមេឃុំបានអោយដឹងទៀតថា សម្រាប់ដំណាំឪឡឹកឆ្នាំនេះ កសិករក្រោយពីប្រមូលផលរួចកាត់ថ្លៃចំណាយអស់ មួយហិចតាពួកគាត់អាចសល់បាន៨លាន់រៀល ៕