គោយន្តដឹកពូក លួចបង្កប់ឈើ ជាង២០០សន្លឹក ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ព្រះវិហារ ៖  គោយន្តកែច្នៃដឹកពូក លួចបង្កប់ដឹកឈើ មួយគ្រឿង ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុកឆែប ធ្វើការបង្ក្រាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

លោក សេង លាង នាយផ្នែករដ្ឋបានព្រៃឈើឆែប បានឲ្យដឹងថា ក្រោយមានការសង្ស័យលើគោយន្តដឹកពូកខាងលើថា លួចបង្កប់ដឹកឈើល្មើសច្បាប់ លោកបាន សុំគោលការណ៍មកលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងដោយមានការឯកភាពពីឯកឧត្តម ទី សុវណ្ណរាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក លោកបានដឹកនាំមន្ត្រីសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកឆែបដឹកនាំដោយលោកវិរសេនីយ៍ ហាង ហាំ បានធ្វើការស្ទាក់ឃាត់គោយន្តកែឆ្នៃ ចំនួន១គ្រឿង ចំណុះ២,៥តោន មានម្ចាស់គោយន្តមានឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បួងឃ្មុំ ដឹកឈើគ្មានច្បាប់អនុញ្ញាតិ ចំនួន២១៦សន្លឹក ស្មើនឹង៩ម៉ែត្រត្រីគុណ ។

ក្រោយបង្ក្រាប គោយន្តនិងឈើ ត្រូវបានបញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This