មុខសញ្ញាលួចគោដ៏សកម្ម ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួន ០៣នាក់
បាត់ដំបង ៖ កម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងផ្នែកចរាចរណ៍ និងកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ និងដោយមានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វើការឃាត់ខ្លួនមុខសញ្ញាលួចគោដ៏សកម្មក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជាបន្តបន្ទាប់ចំនួន០៣នាក់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ២៣ និង ៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២-ឈ្មោះ ភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង ទាក់ទងក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះ មៀន យ៉ុន ភេទប្រុស អាយុ៦៦ឆ្នាំ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០០និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យខាងលើ នៅថ្ងៃដដែល វេលាម៉ោ ង ១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ បឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតរួមមាន៖ រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌ស ឆ្នាំ ២០០៤ ពាក់ស្លាកលេខ 3A- 36 60, ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន២គ្រឿង, សត្វគោចំនួន០៧ក្បាល ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សាលី