លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣នៃក្រុមប្រឹក្សាខេត្តប៉ៃលិន
ប៉ៃលិន ៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ក្រោមការចូលរួមរបស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើង វិញ នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន ទាន់ ពេលវេលា ដោយ មិន ត្រូវ រើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតប ទៅ នឹងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុស ត្រូវខ្ពស់ តាម សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប បរិវេណវិមានឯករាជ្យ និងផ្សារព្រំ ។
ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រាយនូវ រាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាម មូលដ្ឋានប្រកប ដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់ គួរជាទីមោទន៕