ឣនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយរងប៉ុស្តិ៍តំណាងលោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានទទួលបដិសណ្ឋារកិច្ចក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត បានអោយដឹងថា
យោងកំណត់បង្ហាញចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ របស់នាយកដ្ឋានកិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ និងការណែនាំរបស់លោកនាយប៉ុស្តិ៍ លោកបានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែក មួយចំនួន ទទួលបដិសណ្ឋារកិច្ចលោកវរសេនីយ៍ឯក Korwaranon Glunprumsuwan ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចំនួន ២១នាក់ ស្រី០១នាក់ មាន១៣សញ្ជាត្តិ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan  និងសហការី ក៏បានជួបសម្ដែងការគួរសម សំណេះសំណាលពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញ ស្ដីពី ទីតាំងភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ព័ន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត កិច្ចការងារសង្គម និងអំពើមនុស្សធម៌ ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក ។

ដំណើរទស្សនៈកិច្ចនេះ គឺ ប្រកបដោយបរិយាកាសរីករាយ រាក់ទាក់ និងស្និទ្ធិស្នាលជាទីបំផុត  បន្ទាប់មកក្រុមអនុព័ន្ធបានថតរូបអនុស្សាវរីយ៌ និងធ្វើដំណើរចាកចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតប្រកបដោយសុវត្ថិភាព ៕

CATEGORIES
Share This