បុគ្គលិកក្រុមហ៊ុន អគ្គីសនីឯកជនម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើង នៅពេលកំពុងបំពេញការងារ

បាត់ដំបង ៖ បុគ្គលិកបណ្ដាញអគ្គីសនីឯកជនរបស់ ក្រុមហ៊ុន(SNKRP)ម្នាក់ ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយរងរបួសធ្ងន់ ខណៈកំពុងចុះបំពេញការងារ នៅវេលាម៉ោង០៨និង២០នាទី ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវហៃវ៉េ ត្រង់ចំណុចភូមិជុំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅព្រឹកកើតហេតុ គេឃើញបុគ្គលិកតបណ្ដាញអគ្គីសនីឯកជនរបស់ក្រុមហ៊ុន(SNKRP)មួយក្រុម បានចុះអនុវត្តតបណ្ដាញខ្សែភ្លើង ដូចសព្វមួយដងនៅចំណុចទីតាំងក្នុងភូមិសាស្ត្រកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ គឺជនរងគ្រោះបានឡើងបង្គោលភ្លើង ដើម្បីធ្វើការតបណ្តាញខ្សែភ្លើង លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានការផ្ទុះឆ្លងចរន្តចេញពីបង្គោលខ្សែភ្លើងមួយផ្សេងទៀត ដែលនៅក្បែរនោះ បណ្តាលអោយឆេះជនរងគ្រោះរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុភ្លាមនោះ បុគ្គលិកដែលជាក្រុមការងារ បានសហការគ្នាឡើងទៅជួយរំដោះ យកជនរងគ្រោះចុះមកខាងក្រោម និងបានធ្វើការដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This