រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ជាលទ្ធផលអវិជ្ជាមានទាំងអស់

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានរៀបចំធ្វើតេស្ត រកសារធាតុញៀនលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារ នៅក្នុង រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុងស្រុក មន្ត្រីរាជការស៊ីវិលសាលាក្រុង-ស្រុក សរុប៣៦៩នាក់ ដើម្បីអនុវត្តតាមសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការធ្វើតេស្តរក សារធាតុញៀន លើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាព នយោបាយ ដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុង ជួរកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

សូមបញ្ជាក់ថា ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសា លាក្រុង-ស្រុក មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នាក់ ជាលទ្ធផល អវិជ្ជាមានទាំងអស់៕

CATEGORIES
Share This