ពលរដ្ឋ ៥ពាន់គ្រួសារ ទទួលអំណោយពីក្រុមហ៊ុន ប៉ាង ណាគ្រី តាមរយៈ គណបក្សប្រជាជនកម្ពុជា
បន្ទាយមានជ័យ ៖ តាមរយៈគណបក្សប្រជាជនកម្ពុជា ក្រុមហ៊ុន ប៉ាង ណាគ្រី បាននាំយកអំណោយអង្ក ចែកជូនប្រជាពលរដ្ឋ ចំនួន៥០០០គ្រួសារ មកពីភូមិទាំង១៣ របស់ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ការនាំអំណោយ ចុះជួយសំណេះសំណាល ជាមួយប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅបរិវេណក្រុមហ៊ុន ប៉ាង ណាគ្រី ស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ ឯកឧត្តម សុខ ភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ង៉ោ ម៉េងជ្រួន អភិបាលរងតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន ប៉ាង ណាគ្រី និងមានការចូលរួមពីសំណាក់អស់លោកសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ជាង៥ពាន់នាក់ទៀតចូលរួមផងដែរ ។
លោក ស្វាយ ជា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ បានឲ្យដឹងថា ពលរដ្ឋទទួលអំណោយ សរុបមានចំនួន ៥០០០គ្រួសារ មកពីភូមិទាំង១៣ របស់ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន ៖ ភូមិទូលពង្រ, ភូមិបន្ទាយទី១, ភូមិអភិវឌ្ឍន៍, ភូមិសន្តិភាព, ភូមិអូអំពិល, ភូមិទួលប្រាសាទ, ភូមិបឹងជង្រុក, ភូមិអូកេះ, ភូមិស្រទ្បៅជ្រំ , ភូមិរស្មីមានជ័យ, ភូមិបឹងឈូក, ភូមិកោះស្នួល និងភូមិខ្លារងាប់ ។ ដោយពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានអង្ក ១ការ៉ុង ស្នើនឹង ២៥គីឡូក្រាម ។
លោក តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន ប៉ាង ណាគ្រី បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានសង្រ្គោះប្រទេស និងពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបដ៏សាហាវយ៉ុងឃ្នង ព្រមទាំងនាំមកនូវភាពរីកចំរើនលើគ្រប់វិស័យ ដូចសព្វថ្ងៃ និងទៅអនាគត ដូច្នេះនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២ ដើម្បីឲ្យប្រទេសយើងបន្តអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់ទៀត ។
ក្នុងឱកាសនោះដែរឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ បានលើកឡើងថា សូមបងប្អូន អ៊ុំពូមីង នៅឃុំទួលពង្រទាំងអស់ ចាត់ទុកក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលតែងចុះជាប់ និងបំរើបងប្អូនកន្លងមក រួមទាំងរូបលោកផ្ទាល់ ជាបងប្អូននឹងគ្នា ហើយយើងបន្តរួមរស់ជាមួយគ្នា តទៅមុខទៀត តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ។
គួរបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលនេះ ក៏មានការទទួល និងហូបនូវនំបញ្ចុកសាមគ្គីរួមគ្នា ទាំងគណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលក្នុងកម្មពិធី ប្រកបដោយភាពស្និទ្ធស្នាល ៕
ដោយ ៖ សម្បត្តិ សីហា