រដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវនិងណែនាំដល់មន្ត្រីសុខាភិបាលបន្តខិតខំបម្រើប្រជាជនប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវខ្ពស់
ខេត្តបាត់ដំបង! រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល សូមអំពាវនាវនិងណែនាំទៅដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលទូទាំងប្រទេស ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាជនអោយកាន់តែប្រសើរឡើងថែមទៀតដោយស្មោះអស់ពីដួងចិត្តជាមួយនឹងអាកប្បកិរិយា ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យ ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ”អគារសម្ភព និងថែទាំទារក នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២នេះ ដែលមានការអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ឯកឧត្តម PARK Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ និងឯកឧត្ដម លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា”អគារសម្ភព និងថែទាំទារក នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លាប្រកបដោយមនុស្សធម៌របស់សាធារណរដ្ឋកូរ៉េតាមរយៈអង្គការ(KOFIH) នៃសាធារណរដ្ឋកូរ៉េ បានផុសឡើងនៅក្នុងទឹកដីនៃខេត្តបាត់ដំបង ដែលវាមានសារៈសំខាន់ខ្លាំងណាស់បំពាក់ទៅដោយឧបករណ៍និងបរិក្ខារពេទ្យទំនើបៗ ដែលអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្នុងខេត្តបាត់ដំបង និងតំបន់ជុំវិញ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដែលអគារមួយនេះមានសារសំខាន់ខ្លាំងសម្រាប់ពុកម៉ែបងប្អូន ពិសេសបងប្អូនជាស្ដ្រីទាំងអស់ដែលមានតម្រូវការចាំបាច់ពិនិត្យសុខភាព សម្រាលបុត្រ ថែទាំមុនសម្រាល និងក្រោយសម្រាល ក្នុងគោលបំណងជៀសអោយខានតែបាននូវបញ្ហាសុខភាព ឬគ្រោះថ្នាក់នៅពេលសម្រាលបុត្រ ឬអាចនិងបាត់បង់អាយុជីវិតទាំងម្តាយនិងកូនជាយថាហេតុណាមួយ។
ឯកឧត្តមបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយនោះទេ ដូច្នេះការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលផ្តើមចេញពីការទទួលខុសត្រូវនិងការចូលរួមរបស់យើងទាំងអស់គ្នា នឹងថែរក្សានូវភាពសាំក្នុងគ្រួសារ ក្នុងសហគមន៍អោយបានយូរអង្វែងតទៅទៀត។
បន្ថែមពីនេះឯកឧត្តម សាស្ត្រាចារ្យបន្តអំពាវនាវទៅដល់បងប្អូនជនរួមជាតិទាំងអស់សូមអញ្ជើញមកទទួលនូវសេវាដែលបានបម្រើជូននៅទីនេះអោយបានគ្រប់ៗគ្នា ពីព្រោះការពង្រឹងនិងពង្រីកសេវាសុខាភិបាលមកកៀកជិតនឹងផ្ទះបងប្អូន គឺក្នុងគោលបំណងចង់អោយបងប្អូនចំណាយពេលវេលានិងថវិកាតិច ឬក៏ថវិកាមិនសមស្រប និងមិនមានប្រសិទ្ធភាពទៅប្រើប្រាស់សេវាដែលមិនសមស្របតាមច្បាប់និងមិនមានការទទួលស្គាល់ពីអាជ្ញាធរសុខាភិបាល។
ជាមួយគ្នានេះឯកឧត្តមជម្រុញអោយមន្ទីរសុខាភិបាល ជាពិសេសប្រធានមន្ទីរពេទ្យ អ្នកគ្រប់គ្រងនិងអ្នកផ្តល់សេវានៅទីនេះ ត្រូវប្រើប្រាស់អគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗអោយបានចំទិស ហើយមន្ត្រីសុខាភិបាលទាំងអស់ត្រូវតែបន្តការយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើងដែលមានបញ្ហាសុខភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវនិងសមធម៌ ដែលមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ ត្រូវមានចិត្តសប្បុរសប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវ ជាពិសេសចំពោះប្រជាជនក្រីក្រ ចាស់ជរា ស្ត្រី កុមា និងទូរគតជនជួបការលំបាកដែលត្រូវការអោយយើងជួយ ហើយអ្វីដែលសំខាន់ឯកឧត្តមមិនចង់ឃើញ និងមិនចង់លឺនូវស្ត្រីដែលមានផ្ទៃពោះ មានបញ្ហាគ្រោះថ្នាក់ បាត់បង់ជីវិតដោយសារតែមិនបានទទួលសេវាពិនិត្យនិងព្យាបាលអោយបានសមស្របនិងទាន់ពេលវេលានោះឡើយ។