បុរសចំណាស់រត់ម៉ូតូឌុបមានជីវភាពក្រីក្រដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះក្នុងសង្កាត់ក្តុលដូនទាវ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

បាត់ដំបង៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យក្រុមការងារសាខា ដឹកនាំដោយលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា និងសហការី ដោយមានការនិមន្តចូលរួមពីព្រះភិក្ខុសីលវឌ្ឍោ សុខ រី ព្រះធម្មធរអនុគណក្រុងបាត់ដំបង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យចំនួន១គ្រួសារ ឈ្មោះលោកតា ហ៊ុល អឿន អាយុ៧៣ឆ្នាំ (ពោះម៉ាយ) មានមុខរបជាអ្នករត់ម៉ូតូឌុប ដែលបានរងគ្រោះដោយអគ្គិភ័យកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោក ផេង សិទ្ធី បានពាំនាំប្រសាសន៍របស់ឯកឧត្តម សុខ លូ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីអគ្គិភ័យ និងសូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោកបានបន្តទៀតថា ជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ជាក់ស្តែងដូចជាករណីនេះជាដើម ។

អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះទទួលបាន៖ -អង្ករ១០០គីឡូក្រាម ,មី ២កេស ,ទឹកស៊ីអីវ ២យួរ -ត្រីខ ២យួរ, ទឹកត្រី២យួរ ,ឃីត១កញ្ចប់( មុង ,ភួយ,ក្រមា,សារុង )សំពត់តង់០១ ,សម្ភារៈផ្ទះបាយ មួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ ។

CATEGORIES
Share This