ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ សាលារៀន ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាអូរឬស្សីក្រោម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអស់លោកប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតចូលរួមផងដែរ ។
ក្នុងពិធីនេះឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ ផ្តល់សេវាសាធារណ:បានល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយបានដើតួនាទីយ៉ាងសំខាន់ ក្នុងការួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាពិសេសបានជួយសង្គ្រោះពលរដ្ឋគ្រប់ពេល ជួបគ្រោះធម្មជាតិនានា ដែលបានកើតឡើង ។
ឯកឧត្តម បានជម្រុញឲ្យអាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និង ឆ្លើយតបដោះស្រាយ បញ្ហាប្រឈម របស់ពលរដ្ឋតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ពិសេសត្រូវរួមគ្នា កែប្រែតំបន់ព្រំដែនដែលជាអតីតសមរភូមិប្រយុទ្ធ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ តាមរយៈការបង្កើតឲ្យមានសាលារៀន និងហេដ្ឋារចនាសម្ពន្ធ័នានា ដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋប្រើប្រាស់ ៕
ដោយ ៖ KPN