ម៉ូតូពីរគ្រឿង បុកប៉ះគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1G-8729 បើកបរដោយបុរសម្នាក់ឈ្មោះ រក្ស និងអ្នករួមដំណើរជាបុរសម្នាក់ឈ្មោះ សេវ បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិច ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1M- 8726 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម០១៥រងរបួសធ្ងន់បាក់ជើងម្នាក់និងស្រាលម្នាក់ ចំណែកភាគីខាងម៉ូតូឃ្លិចរងរបួសក្បាលមធ្យមផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី