យុវជនម្នាក់ ព្រោះតែវិបត្តិផ្លូវចិត្ត អាកខ្លួនឯងបញ្ចប់ជីវិត

បាត់ដំបង ៖ យុវជនម្នាក់ព្រោះតែវិបត្តិផ្លូវចិត្ត (មានជម្ងឺឈឺក្បាល) ក៏សម្រេចធ្វើអត្តឃាតដោយយកកូនកាំបិតអាកសម្លាប់ខ្លួនឯងបបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិព្រៃតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅជាមួយជីដូនស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ មូល រក្សា ភេទប្រុស អាយុ០៨ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានអោយដឹងថា÷ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្លួនបានលឺសម្លេងបងរបស់ខ្លួនឈ្មោះ ណាន ភា ហៅមុំ រ៉ាយុត សំលៀងកាំបិត ហើយខ្លួនក៏បានចេញមកមើលក៏បានឃើញបងរបស់ខ្លួនកំពុងអាកខ្លួនឯង ពេលនោះខ្លួនក៏បានស្រែកហៅយាយថា យាយៗអាបងអាក ភ្លាមនោះយាយក៏បានក្រោកឡើងហើយស្រែកហៅអ្នកជិតខាងអោយជួយលើកអាបងដាក់លើផ្ទះ ប៉ុន្តែអាបងបានដាច់ខ្យល់ស្លាប់បាត់ហើយ។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ អ៊ួង ផល្លី ភេទស្រី អាយុ៥៩ឆ្នាំ ដែលត្រូវជាយាយបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា ចៅរបស់ខ្លួនឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយប៉ុន្តែត្រូវបានខ្លួនយកទៅពេទ្យទាន់ដោយសារជម្ងឺឈឺក្បាល រហូតដល់វេលាម៉ោងប្រហែល០៥និង៣០នាទីឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាប់តែខ្លួនបានលឺចៅប្រុសរបស់ខ្លួនឈ្មោះ មូល រក្សា ស្រែកថាយាយអាបងអាក ពេលនោះខ្លួនក៏បានស្ទុះទៅរកមកក៏បានឃើញចៅអង្គុយលុតជង្គង់ កាំបិតធ្លាក់នៅលើដីសុទ្ធតែឈាម ហើយក៏បានស្រែកហៅអ្នកជិតខាងអោយជួយ តែជាអកុសល ចៅប្រុសបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះទៅពិនិត្យជាក់ស្តែង ហើយឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកបច្ចេកទេស​ និង គ្រូពេទ្យ បានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារមានវិបត្តិផ្លូវចិត្តធ្វើអត្តឃាត(អាកខ្លួនឯង)ពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This