ឯកឧត្តម សុខ លូ ផ្លែផ្កានៃសុខសន្តិភាព និងស្ថេរភាពនយោបាយ អាចប្រាកដនាំប្រទេសជាតិ អោយមានការរីកចំរើនបន្ថែមទៀត

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីអកអំបុក សំពះព្រះខែ ដែលរដ្ឋបាលខេត្តបាត់ដំបងរៀបចំឡើងនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង បានលើកឡើងថា ផ្លែផ្កានៃសុខសន្តិភាព និងស្ថេរភាពនយោបាយ អាចប្រាកដនាំប្រទេសជាតិ អោយមានការរីកចំរើនបន្ថែមទៀត ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ទៀតថា ការប្រារព្ធពិធីអកអំបុក សំពះព្រះខែ គឺជាការចូលរួមលើកស្ទួយ អភិរក្សវប្បធម៌ខ្មែរយើងតាំងពីដូនតា ក៏ដូចជាចូលរួមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកតម្កើងថែរក្សាវប្បធម៌ អរីយធម៌ជាតិអោយបានគង់វង្ស ថ្កុំថ្កើង ខ្ពង់ខ្ពស់ ដូចជាមានសំណង់បូរាណ សិល្បៈ របាំ ដូរតន្ត្រី ព្រមទាំងរក្សាបាននូវក្បាច់រចនាបទពីបូរាណដែលបានបន្សល់ទុកពីមុនមក ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានដឹកនាំប្រទេសតាំងពីសម័យដែលយើងជួបការលំបាក រួមជាមួយថ្នាក់ដឹកនាំដទៃទៀតដែលបានដឹកនាំយកមកបាននូវសុខសន្តិភាពពេញលេញ ពេញបរិបូរណ៍ ដែលធ្វើអោយប្រទេសជាតិយើងមានការរីកចំរើនជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តនូវវប្បធម៌ នៃសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីឈានទៅការអភិវឌ្ឍ ហើយក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច បវរធិបតី ហ៊ុន ម៉ាណែត និងបន្តដឹកនាំរក្សាបាននូវសុខសន្តិភាពជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា ហើយក្នុងនោះសំរាប់ខេត្តបាត់ដំបងក៏ដូច្នោះដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This