ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាង១តោន ដល់គណៈកម្មាធិការ​សម្រប​សម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិន។

ក្នុងពិធីប្រគល់ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជាចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ​ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ១៩ ​ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ ​នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា ទោះជាមានការរាតត្បាតជំងឺកូវីដ១៩ ដោយ​មានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែល​មានក្រសួងសុខាភិបាល​ ជាសេនាធិការកម្ពុជា ​បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ១៩ ព្រមទាំង​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ​ បានចំនួន៨៩,៦៦ភាគរយ។

ភាពជោគជ័យ​នៃការទប់ស្កាត់ជំងឺកូវី១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែក​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ​នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំង​បរិក្ខារពេទ្យ​ទំនើបៗផ្សេងៗទៀតជាច្រើន។

ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំង​ពី​ប្រទេសកម្ពុជា ​មាន​ករណី​ដំបូង​នៃមេរោគកូវីដ១៩មក​ គឺភាគីចិន និងកម្ពុជា បាន​ជួយគ្នា​ទៅវិញទៅមកពួតដៃគ្នា។

បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ជាលំដាប់ឈានមុខគេ​ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​រីក​ចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ​ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែល​ជាមិត្តដែក​ថែប​របស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះឯកឧត្តម ​ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង ដែល​បាន​សម្របសម្រួលជាមួយភាគីចិន ​ដែលមានឯកឧត្តម​ ឯកអគ្គរដ្ឋទូតចិន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាថ្មីម្តងទៀត​ នូវឱសថព្យាបាលជំងឺកូវីដ១៩​ ជាពិសេសក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីចិន សូមប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតចិន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសហការរីកទាំងអស់ ទទួល​បាន​ជោគ​ជ័យ​គ្រប់ភារកិច្ច៕

CATEGORIES
Share This