រឿងរ៉ាវការរកស៊ីភាគហ៊ុនដីឡូតិ៍ផ្ទុះឡើង ភាគីម្ខាងចោទភាគីម្ខាងក្បត់ស៊ីដាច់ភាគហ៊ុន

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មានសេចក្តីរាយការណ៍ឱ្យដឹង ថា ម្ចាស់ភាគហ៊ុនវិនិយោគ អចលនទ្រព្យពុះដីឡូត៍លក់នៅខេត្តប៉ៃលិន ចំនួន២២នាក់ តំណាងសមាជិ ក៦៦នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងលោកបណ្ឌិត គួយ ធាវី ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ការដាក់ពាក្យបណ្តឹងនេះ ក្រោយពីម្ចាស់ភាគហ៊ុន បានសុំជួបចរចា មិនបានសម្រេចជាមួ យនឹងលោកបណ្ឌិត គួយ ធាវី ពោលគឺមិនបានជោគជ័យ ហើយថែមទាំងទទួលរងការជេរប្រមាថគំរាមកំហែង ពីលោកបណ្ឌិតរូបនេះយ៉ាងចាស់ដៃទៀតផង។

តំណាងម្ចាស់ភាគហ៊ុន បានឲ្យដឹងថា កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៩ ពួកគាត់បានចូលរួម សិក្ខាសាលាជាលើកទី១ ជាមួយនឹងលោកបណ្ឌិត គួយ ធាវី ដែលសិក្ខាសាលានោះ បានធ្វើឡើងនៅ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងលើកទី២ ធ្វើឡើងនៅក្នុងខេត្តប៉ៃលិន អំឡុងឆ្នាំដដែលនេះ ដោយប្រ មូលលុយបានសរុបជិត២០០,០០០ដុល្លារអាមេរិក ដើម្បីយកទៅទិញដីទំហំជាង២ហិកតា ពីម្ចាស់ ឈ្មោះ ណុប សេរីយុទ្ធ អតីតស្នងការរងនគរបាលខេត្តប៉ៃលិន ដើម្បីពុះអង្គន់ជាឡូត៍លក់ នៅក្នុងភូមិអូរ រអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយសារតែការជឿទុកចិត្តចំពោះលោកបណ្ឌិត គុយ ធាវី ពួកគេទាំង៦៦នាក់ បានប្រមូលថវិកាដាក់ភាគហ៊ុន តាមលទ្ធភាពទិញដីរួមគ្នា ដោយមិនបានធ្វើកិច្ចសន្យា ឬលិខិតស្នាមពីការចូលភាគហ៊ុនមាន មេធាវីអ្វីត្រឹមត្រូវអ្វីឡើយ។ ដោយសារតែការជឿទុកចិត្ត និងគិតថា គាត់ជាមនុស្សល្អ ជាសាស្រ្តាចារ្យម្នាក់ ទើបពួកគេ បានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានចូលជាលុយសុទ្ឋ អ្នកខ្លះវេរតាមវីង និងអ្នកខ្លះទៀត ចូលតាម ការវេរ ពីធនាគារABAជាដើម»។ ការទិញដីចម្ការ ដើម្បីពុះឡូត៍ សរុបចំនួន១២៣ឡូត៍ ប៉ុន្តែការបង់លុយជូនម្ចាស់ដី មិនទាន់គ្រប់ចំនួននោះទេនៅសល់ជាង៥០០០០ដុល្លារទៀត។ រហូតមកទល់ពេលនេះ ម្ចាស់ដីបាន និងកំពុងគិតរកនីតិវិធី ដើម្បីកាត់ដីតាមចំនួនទឹកប្រាក់ ដែលនៅសល់ត្រលប់មកវិញដោយឱ្យតម្លៃ១ម៉ែត្រការ៉េត្រឹមតែ១១ដុល្លារ ដូចអ្វីដែលម្ចាស់ដីបានលក់ជូនលោកបណ្ឌិតប៉ុណ្ណោះ។ ទំហំឡូត៍ដែលបានពុះរួច គឺមានទំហំ៥គុណនឹង២០ម៉ែត្រ ដោយលក់ក្នុងតម្លៃចន្លោះពី៣០០០ ទៅ៥៦០០ដុល្លារ ក្នុងមួយឡូត៍។ បានប៉ាន់ប្រមាណថា លុយដែលប្រមូលបាន ពីការលក់ដីនេះ មានចំនួនច្រើនរាប់ម៉ឺនដុល្លារអាមេរិកដោយសារដីនេះ មានអ្នកទិញ ខ្លះបានបង់លុយ ផ្តាច់ និងអ្នកទិញខ្លះ បានបង់រំលស់ប្រចាំខែ ប៉ុន្តែចរន្តលុយបែបណាពួកគាត់មិនត្រូវបានទម្លាយឲ្យដឹង ឡើយ ក្រៅពីការជេរប្រមាថ និងការរកវិធីកំចាត់ភាគហ៊ុននិកម្តងម្នាក់ៗ ចេញពីក្នុងក្រុម ដោយរកវិធី ចោទនិងលេសមិនចេះចប់មិនចេះហើយ។ បើយោងតាមពាក្យបណ្តឹងដែលបានដាក់ចូលអយ្យការអម សាលាដំបូងខេត្តប៉ៃលិន ចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវី លោក ហែម ពល មានកម្មវត្ថុចែងថាសូមប្តឹងពីឈ្មោះ គួយ ធាវី ភេទប្រុស កើត ឆ្នាំ១៩៦០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ០១០ ៨៩០ ៦៩៣ ទីលំនៅ បច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភសេចក្តីទុកចិត្តបទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា391, 394, 307, និងមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ។ ម្យ៉ាងវិញទៀត ដោយឃើញគាត់បង្រៀន LIVE តាមFacebook បង្ហាញពីភាពជោគជ័យនៃការ ធ្វើអាជីវកម្ម យើងខ្ញុំកើតមានជំនឿ ទុកចិត្តលើសមត្ថភាពរបស់គាត់ក៏បានដាក់ទុនជាប្រាក់ចូលហ៊ុន ជាមួយគាត់ទៅតាមលទ្ឋភាពរបស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់មានចំនួន២៧៦,៥១៨ដុល្លារ(តម្លៃដី)។ ពាក្យបណ្តឹងដដែល បានសរសេរថា ក្រោយមកបន្ទាប់ពីដំណើរការពុះដីឡូត៍លក់បានប្រាក់ ជាបន្តបន្ទាប់ឈ្មោះ គួយ ធាវី បានបង្ករឿងប្រឌិតកំហុសដេញកំចាត់កំចាយ សមាជិកមិនឲ្យសមាជិក ដែលចូលហ៊ុនបានដឹង បានឮ បានឃើញនូវសកម្មភាពអាជីវកម្មនេះទេ។


រីឯប្រាក់ចំណូល ដែលបានមកពីការលក់ដីឡូត៍នេះ ឈ្មោះ គួយ ធាវី បានគៃបំបាត់យកធ្វើជាប្រយោជន៍ បុគ្គល គាត់តែម្នាក់ឯងគត់ពុំបានបែងចែកភាគលាភ ដល់សមាជិកហ៊ុនណាម្នាក់សោះឡើយ រហូតដល់ បច្ចុប្បន្ន ថែមទាំងបានបោះពាក្យ និងជម្រុញឲ្យពួកខ្ញុំថា «ចង់ឲ្យពួកខ្ញុំទៅប្តឹងឯណា ក៏ប្តឹងទៅ» ព្រមទាំងជេរប្រមាថនិងគំរាមកំហែងរកចាប់ដាក់គុកមកលើរូបយើងខ្ញុំដែលជាជនរងគ្រោះ យ៉ាងឃោរឃៅ បំផុត។ ពាក្យបណ្តឹងនេះ បានបន្តថា អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរ ឯកឧត្តម ព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធ៌មដល់រូបយើងខ្ញុំផងដោយសួមផ្តន្ទាទោសជនល្មើសតាមច្បាប់និង ទាមទារសំណងជំងឺចិត្តពីឈ្មោះ គួយ ធាវីចំនួន១លានដុល្លារអាមេរិក។ លើសពីនេះម្ចាស់ភាគហ៊ុន ដែលភាគច្រើន គ្មានបទពិសោធន៍លើការវិនិយោគអចលនទ្រព្យបានបញ្ជូនវីដេអូជេរប្រមាថយ៉ាងច្រើន មកកាន់គេហទំព័រ Propertyarea.asia ដើម្បីជួយចុះផ្សាយ តាមការគួរ និងទុកជាមេរៀនសម្រាប់អ្នក ចង់ប្រឡូកក្នុងវិស័យនេះផងដែរ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកបណ្ឌិត គួយ ធាវី បានឱ្យដឹងថា ៖ ខាងអ្នកដែលចូលភាគហ៊ុន ជាមួយលោក ជាអ្នករៀបចំគម្រោងផ្តួលលោក ហើយមេការនៅក្នុងដីឡូតិ៍ជាច្រើននាក់ ត្រូវបានប្តូរ ដោយសារតែជាក្រុមរបស់អ្នកបង្ករឿងនៅក្នុងដីឡូតិ៍តែម្តង ដែលធ្វើឱ្យលោកធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃនេះ។ លោកបន្តទៀតថា ពួកគេទាំងនោះគឺលោកត្រូវប្តឹងយូរហើយ ក៏ត្រូវប្តឹងឥឡូវនេះដែរ តែមិនចង់ រវល់នោះទេ ចង់ទុកពេលធ្វើការងារល្អជាង។ លោកបញ្ជាក់ថា ក្រុមគេទាំងបង្ករឿងច្រើនណាស់ចំពោះខ្លួន តែលោកទុកឱ្យខាងស្ថាប័នយុត្តិធម៌ជាអ្នកដោះស្រាយ និងរកខុសត្រូវចំពោះបញ្ហាដ៏ស្មុកស្មាញនេះ៕

CATEGORIES
Share This