អភិបាលខេត្តកំពង់ស្ពឺ ឱ្យមន្ទីរទេសចរណ៍យកចិត្តទុកដាក់ និងពិនិត្យមើលកន្លែងលក់ដូរ នៅតាមសហគមន៍ទេសចរណ៍
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ឱ្យយកចិត្តទុកដាក់ និងពិនិត្យតំលៃនៃការលក់ដូររបស់បងប្អូនប្រជាសហគមន៍ នៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីជៀសវាងធ្វើឱ្យភ្ញៀវទេសចរណ៍ អាក់អន់ស្រពន់ចិត្ត បោះបង់គំនិត លែងចង់មកលេងបន្តទៀត ។
ការណ៍នេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ (ទេសចរណ៍និងការវិនិយោគបៃតង) នៅទីលានសួនច្បារសម្តេចសង្ឃរាជ ជួន ណាត ។
លោក វ៉ី សំណាង បានលើកឡើងថា កន្លងមកនៅតាមរមណីយដ្ឋានមួយចំនួនតែងតែរងនូវការរិះគន់និងប្រតិកម្មខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ គ្រាដែលត្រូវបានអ្នកលក់ដូរម្ហូបអាហារលក់កោរមិនដាក់ទឹក និងមានតំលៃថ្លៃហួសហេតុ។ការណ៍នេះបានធ្វើឱ្យភ្ញៀវកើតនូវក្តីសៅហ្មងនិងបោះបង់គំនិតមកលេងទៀត មិនតែប៉ុណ្ណោះក៏បានបង្ហោះរិះគន់ចែករំលែកនៅតាមបណ្តាញសង្គមបង្អាក់ដល់គម្រោងមកកម្សាន្តដល់ភ្ញៀវដទៃទៀត ។
លោកអភិបាលខេត្តកំពង់ស្ពឺលើកឡើងថា យើងមិនគួរឱ្យកើតមានករណីនេះនៅតាមសហគមន៍យើងទេ យើងគួរតែថ្មមចិត្តនិងរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរណ៍ដែលគេមកលេងនៅតាមសហគមន៍ទេសចរណ៍យើង ត្រូវឱ្យគេមកលេងហើយសរសើរពីសហគមន៍យើងទាំងសេវាទេសចរណ៍ ម្ហូបអាហារ និងកន្លែងកម្សាន្ត ត្រូវឱ្យគេមកលេងម្តងហើយ ចង់មកលេងទៀតនិងណែនាំដល់មិត្តភក្តិនិងអ្នកដទៃពីរមណីយដ្ឋានយើង។
លោក វ៉ី សំណាង បានណែនាំនិងគូសបញ្ជាក់ថាដើម្បីធ្វើឱ្យភ្ញៀវមិនអាចបំភ្លេចនិងសរសើរពីសហគមន៍ទេសចរណ៍យើង មន្ទីរទេសចរណ៍ត្រូវយកចិត្តទុកដាក់និងពិនិត្យណែនាំដល់ប្រជាសហគមន៍ដែលកំពុងអាស្រ័យនៅតាមសហគមន៍ទេសចរណ៍ទាំងអស់ឱ្យបង្កើនសេវា រួសរាយ និង ម្ហូបអាហារត្រូវមានគុណភាព អនាម័យ ។ ជាមួយនោះត្រូវកំណត់តំលៃឱ្យបានច្បាស់នៅតាមមុខម្ហូបនីមួយៗ ហើយឱ្យសមរម្យកុំកោរភ្ញៀវធ្វើឱ្យគេរៀងចាល មិនតែប៉ុណ្ណោះត្រូវធ្វើឱ្យសហគមន៍ទេសចរណ៍គ្មានសម្រាមពាសវាលពាសកាល។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានរមណីយដ្ឋានសម្បូរបែប ដែលគិតមកដល់បច្ចុប្បន្នមានរហូតដល់ទៅ ២០កន្លែង ក្នុងនោះមានរមណីយដ្ឋានសហគមន៍ ៨កន្លែង រមណីយដ្ឋានកែច្នៃ ៨កន្លែង រមណីយដ្ឋានកសិទេសចរណ៍៣កន្លែង និងវាយកូនហ្គោល១កន្លែង ៕
ដោយ ៖ ប៊ុត សារុន