ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីអាមេរិកដណ្ដើមខ្សែក្រវាត់ពិភពលោក នាព្រឹកស្អែក

កីឡាការិនីជឺជីតស៊ូឆ្នើមរបស់កម្ពុជា ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែក ត្រូវនឹងម៉ោងប្រមាណ ៨យប់ថ្ងៃទី២៩ ខែកញ្ញា ខែកញ្ញា នៅ​សហរដ្ឋអាមេរិក ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលពិភពលោក ONE Atomweight លើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅ​ប្រទេស​សិង្ហបុរី ។

បន្ទាប់ពីធ្វើដំណើរដល់ទឹកដីសិង្ហបុរី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០១៩ និង២០២៣ ខាន់ ចេសា រួមទាំងដៃគូប្រកួត បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​រួចរាល់ កាលពីម្សិលមិញ មុនជួបគ្នា ក្នុងក្របខណ្ឌប្រកួតលក្ខណៈអាជីពលើកដំបូងលើ​សង្វៀន​អន្ដរជាតិនៅតំបន់អាស៊ានស្អែកនេះ ។

ខាន់ ចេសា បានបង្ហាញការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ សម្រាប់​ជំនួប​ជា​មួយ​ជើង​ខ្លាំង​ជឺជីត​ស៊ូ​លំ​ដាប់​ពិភពលោកដូចគ្នា ។ ចេសា លើកឡើងថា ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វី​ដែល​សំខាន់​ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុង​​កា​រយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight

គួរដឹងថា កីឡាការិនីកូនកាត់ខ្មែរអាមេរិក ខាន់ ចេសា ធ្លាប់យកឈ្នះកីឡាការិនី Kelly ក្នុង​កីឡា​ជឺជិត​ស៊ូ​ម្ដង​មកហើយ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាម៉េរិក មុនសម្រេចចិត្តជួបគ្នាជាថ្មី ដោយ​ត្រូវបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE នាព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។ ជំនួប​ដ៏​ធំ​កំពុង​ស្ថិតក្នុងការតាមដានរបស់អ្នកនិយមកីឡាជឺជីតស៊ូពិភពលោកនេះដែរ ក៏នឹងមាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​បណ្ដាញសង្គមផ្លូវការ BTV-Cambodia នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍​បាយ័ន​ផង​ដែរ​៕

CATEGORIES
Share This