លោកជំទាវ បាន ស្រីមុំ ៖ វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។
លោកជំទាវថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋា ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជំរុញឲ្យវិស័យសុខា ភិបាល ក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបាន ដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេស គ្រប់ គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រង បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណាក់ ថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋ ៕