រថយន្តក្រុមហ៊ុនសុខឃឿន ដឹកអ្នកដំណើររតនគិរី-ភ្នំពេញ បើកបុកស្ត្រីម្នាក់ជិះម៉ូតូ រងរបួសធ្ងន់បាក់ជើង នៅស្រុកកូនមុំ
រតនគិរី៖ រថយន្តក្រុមហ៊ុនសុខឃឿន ដឹកអ្នកដំណើររតនគិរី-ភ្នំពេញ បើកបុកស្រ្តីម្នាក់ ជិះម៉ូតូបណ្តាលឱ្យបាក់ជើងខាងឆ្វេង កាលពីវេលាម៉ោង០៧ និង២០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ78.A នៅចំណុចមុខវត្តត្រពាំងក្រហម ភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចស្រុកកូនមុំ បានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះម៉ាក TOYOTA ពណ៌ស ស្លាកលេខបាត់ដំបង 2C-2961 ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ សុខ ឃឿន បានធ្វើដំណើរពីកើតទៅលិចមកដល់ចំណុចមុខវត្តត្រពាំងក្រហម បានចាប់ហ្វ្រាំងរ៉េចង្កូតបណ្ដាលឲ្យទៅបុកម៉ូតូមួយគ្រឿង ម៉ាក់ឌ្រីមសង់ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 1-BK-7018 ហើយរថយយន្តនោះ ក៏បើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់ ទៅទុករថយន្តចោលនៅកន្លែងផ្សេងទាំងតៃកុងឡាន ក៏បានរត់គេចខ្លួនបាត់តែម្តង។
ចំណែកជនរងគ្រោះបើកបរម៉ូតូមានឈ្មោះ វិន សុខន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ០៣ ឃុំត្រពាំងក្រហម សុ្រកូនមុំ ខេត្តរតនគីរី បានរងរបួសធ្ងន់ បាក់ខ្មងជើងខាងឆ្វេងត្រូវបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកកូនមុំ។
ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចយករថយន្តបង្កហេតុមករក្សាទុកនៅអធិការស្រុកកូនមុំ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕