រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ព្រមទាំងផ្តល់ជូនសម្ភារជួសជុល ថែទាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ផងដែរ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងពីសមិទ្ធផលធំៗជាច្រើន ដែលជាការខិតខំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាំងពីអាណត្តិមុនមករួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង និងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាបជាដើម។
នាឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស , ផ្លូវ , ទឹក , ភ្លើង និងបច្ចេកវិទ្យា” ក្នុងនោះក្រសួងបានយកចិត្តទុកដាក់យ៉ាងសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វើកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍបន្ថែមទៀតតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន៖ មួកការដ្ឋាន អាវចំណាំងផ្លាត កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕