អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី គណៈកម្មការគ្រីសស្ទាន និងអ៊ីស្លាម
បន្ទាយមានជ័យ ៖ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី គណៈកម្មការគ្រីស្ទបរិស័ទ និងអ៊ីស្លាម ព្រមទាំងប្រគល់ដីកាសេចក្ដីសម្រេចតែងតាំង ដល់មន្ត្រីនៃមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីវិបត្តិអាចារ្យ មន្ទីរបានរៀបចំ នូវរចនាសម្ព័ន្ធអាចារ្យ សម្រាប់ខេត្តចំនួន ១៣នាក់ និងបានបញ្ជូនអាចារ្យ មហាការ ទៅរៀនវគ្គបណ្ដុះបណ្ដាល ស្ដីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងពិធីបុណ្យប្រពៃណីពុទ្ធសាសនា ព្រមទាំងពិធីបុណ្យផ្សេង ៗ និងទម្រង់អាពាហ៍ពិពាហ៍ ចំនួន៤៧វគ្គ សរុបស្មើនឹង៣៦៥អង្គនាក់ និងត្រូវបញ្ជូនអ្នកស្ម័គ្រចិត្ត ទៅចូលរួមជាបន្តបន្ទាប់ទៀត ។ មន្ទីរបានរៀបចំបោះឆ្នោតជ្រើសរើស និងចេញជាសេចក្ដីទទួលស្គាល់ ថ្នាក់ដឹកនាំគ្រីសស្ទាន ក្នុងនោះមានគណៈកម្មការគ្រិស្តបរិស័ទចំនួន១០នាក់ គណៈកម្មការរីកបរិស័ទអាចជាស្ត្រីចំនួន១០នាក និងគណៈកម្មការគ្រីសបរិស័ទ ចំនួន៥៧ នាក់បានរៀបចំពិធីប្រគល់ប្រកាសទទួលស្គាល់ជាផ្លូវការ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរចំពោះ ក្រុមសាសនិក ព្រះសង្ឃអាចារ្យគណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទ និងបរិស័ទគ្រប់សាសនា ដែលបានខិតខំប្រតិបត្តិខ្លួន ជាកម្លាំងការពារថែរក្សាសន្ដិភាពស្ថិរភាព ម្យ៉ាងមួយទៀត ជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿងរឿង ។ សូមបន្តអនុវត្តឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលបានកំណត់ថា គោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធ សាសនា ជាសាសនារបស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់សកម្មភាពនៃសាសនាផ្សេងៗ ទៀត ផ្អែកលើមូលដ្ឋាន ជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នា ខាងជំនឿនិងសាសនា ត្រូវបន្តបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងរបៀបរបបការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងមានកម្រិតខ្ពស់ ត្រូវរក្សាសាមគ្គីភាព និងភាពសុខដុមនៃសាសនា រវាងព្រះពុទ្ធសាសនា គ្រិស្តសាសនា អ៊ីស្លាមសាសនា និងសាសនាផ្សេងៗទៀត ជៀសវាងបង្កបញ្ហាជម្លោះអធិករណ៍ណាមួយកើតឡើង ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ៕