ពិធីបើកយុទ្ធនាការកំណត់អត្តសញ្ញាណកម្ម ចុះសម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ក្នុងក្រុងព្រះវិហារ

នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំពិធីបើកយុទ្ធនាការ កំណត់អត្តសញ្ញាណកម្ម ចុះសម្ភាសន៍ផ្តល់បណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុង វិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ក្រោមអធិបតី ភាព លោក សុខ សាន្តតារា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលក្រុង ចៅសង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ សសយកនៃមន្ទីរ ផែនការ និងបុគ្គលបម្រើសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវ ភាព មកពីសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា ពិធីបើកយុទ្ធនាការនាពេលនេះ គឺក្នុងគោលបំណងផ្តល់ឱកាសជូនដល់បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ តាមមូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍ពីការគាំពារសង្គមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ហើយក្រុមគោលដៅ ដែលបម្រើសេវា កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព មកពីសង្កាត់ទាំងពីរក្នុងក្រុង ព្រះវិហារនាពេលនេះ គឺមានចំនួន ២១គ្រួសារ និងផ្តល់បណ្ណសមធម៌ជូនពួកគាត់បានទាំង ២១គ្រួសារ។
លោក សុខ សាន្តតារា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឲ្យកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌ បណ្តាគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ បានផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលមានគោលបំណង ដើម្បីធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាពិសេស កន្លងទៅគ្រួសារក្រីក្រ និងគ្រួសារដែល ងាយរងហានិភ័យដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា បានទទួល ការបើកផ្តល់សាច់ប្រាក់ នៃគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ។
ក្នុងនោះរាជរដ្ឋាភិបាល ក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ចំពោះក្រុមគោល ដៅនៃជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជនមានពិការភាព អតីតយុទ្ធ ជន និងក្រុមគោលដៅ នៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់ បានទទួលសេវាសុខាភិបាល ក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ថ្លៃសេវា នៅតាមមូលដ្ឋាន សុខាភិបាលសាធារ ណៈរបស់រដ្ឋ និងមូលដ្ឋានសុខាភិបាលឯកជន ដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

CATEGORIES
Share This