លោក កែ សួនសុភាព ចូលកាន់តំណែង ជាអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែង អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ   នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស លោក គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ។ ឆ្លើយតបនិងការតែងតាំងនេះលោក កែ សួនសុភាព បានផ្ដាជ្ញាចិត្តជូនចំពោះថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យនិងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឲ្យបានល្អគ្រប់អាណត្តិ ។

ឯកឧត្តម ប្រាក់ សំអឿន បានប្រសាសន៍ផ្តាំផ្ញើទាំង ៥ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់អភិបាលរងខេត្តដែលទើបប្រកាសតែងតាំងថ្មី ធ្វើយ៉ាងណា ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ ទន្ទឹមនឹងការអនុវត្តនូវតួនាទី ជាតំណាងអោយក្រុមប្រឹក្សារបស់ខ្លួន គណៈអភិបាល មានតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ក្នុងការអនុវត្តមុខងារនានា ដែលបានធ្វើប្រតិភូកម្មអោយ ដូចជា ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតែងតាំងផ្លាស់ប្តូរមន្ត្រី នៃមន្ទីរ អង្គភាពជំនាញខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ន និងការណែនាំតម្រង់ទិសដល់មន្ទីរជំនាញ ជាដើម ។ ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗខាងលើ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គី ភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរ-មាន ។ ត្រូវខិតខំ ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ នៃខេត្តបន្ទាយមានជ័យ និងជំរុញលើកទឹកចិត្តមន្ត្រី អោយចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បី ឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការ អនុវត្តការងារឲ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ ៕

CATEGORIES
Share This