មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានរៀបចំវគ្គ បណ្ដុះបណ្ដាលស្ដីពី ការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតនៅក្នុងក្រុងព្រះវិហារ ក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ មន្ទីរ–អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូប។
យោងតាមរបាយការណ៍របស់លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣នេះ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើ និង៦៨% ក្នុងនោះភូមិនិងឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុង២៣២ ភូមិ និងឃុំមាន ៤ឃុំ ក្នុងចំណោម៥១ឃុំសង្កាត់ទូទាំងខេត្តព្រះវិហារ។ ក្នុងនោះស្រុកជ័យ សែនមានអត្រាគ្របដណ្ដប់អនាម័យ ស្មើនិង៧៦% ស្រុកឆែប៦៨% ស្រុកជាំក្សាន្ត៧០% ស្រុកគូលែន៦៧% ស្រុករវៀង៦៨% ស្រុកសង្គមថ្មី៥៣% ស្រុកត្បែងមានជ័យ៧៤% និងក្រុង ព្រះវិហារ៨០%។ ដោយផ្អែកលើទិន្ន័យនេះទូទាំងខេត្តព្រះវិហារភាគរយនៃខ្នងផ្ទះ ដែលគ្មានបង្គន់ អនាម័យប្រើប្រាស់៣២%។
នាឱកាសនោះ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណទៅដល់អង្គការ UNICEF ដែលបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន រួមជា មួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពន្លឿនស្ថានភាពបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលនាថ្ងៃនេះ។
លោកក៏បានផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃ នេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវបទពិសោធន៍ និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរៀននៅក្នុងវគ្គនេះ។ លោកក៏បានជម្រុញទៅដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស ដែលមាន បទពិសោធន៍ក្នុងការងារជំរុញបំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។
លោកសង្ឃឹមថា លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងពីវគ្គបណ្ដុះ បណ្ដាលនាថ្ងៃនេះទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីឲ្យពួកគាត់ ចូលរួមអនុវត្តន៍លើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យនៅតាមមូលដ្ឋានរបស់ពួកគាត់ ដើម្បីឲ្យខេត្តយើងក្លាយទៅជាខេត្តទទួលបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះ៕