ប្រជាពលរដ្ឋឃុំតាលាស់ ថ្លែងអំណរគុណដល់ រដ្ឋបាលស្រុកមោងឫស្សី បញ្ជូនទឹកតាមប្រព័ន្ធធារាសាស្ត្រ ដល់ភូមិដែលដាច់ទឹកជាច្រើនខែមកហើយ
បាត់ដំបង ៖ បន្ទាប់ពីបានបញ្ជូនទឹកផឹកតាមរយៈរថយន្តពន្លត់អគ្គិភ័យទៅចែកជូនបណ្តោះអាសន្នរួចមក ពេលនេះរដ្ឋបាលស្រុកបានរកវិធីបង្ហូរទឹកតាមប្រព័ន្ធធារាសាស្ត្រទៅដល់ ភូមិចំនួនពីរ ក្នុងឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលប្រឈមនឹងការដាច់ទឹកប្រើប្រាស់ ដោយសារភាពរាំងស្ងួត។
លោកណាន បូរ៉ា សមាជិកក្រុមប្រឹក្សាជុំតាលាស់ ស្រុកមោងឬស្សី បានឱ្យដឹងនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋប្រមាណ ១៧៥គ្រួសារ បាននឹងកំពុងដាច់ទឹកប្រើប្រាស់ និងទឹកបរិភោគ ស្របពេលដែលមេឃមិនអំណោយផល មិនផ្តល់ទឹកភ្លៀង រីឯកម្តៅសីតុណ្ហភាពកាន់តែបង្កើនថែមទៀត។ក្រោយមករដ្ឋបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងសមត្ថកិច្ចស្រុក ចុះបើកបង្ហូរទឹកតាមប្រព័ន្ធធារាសាស្ត្រ ពីទ្វារទឹក កកោះ បង្ហូរតាមប្រលាយ កាត់តាមទួលព្រំ ភូមិស្តី និងឃុំតាលាស់ និងបានបង្ហូរចូលទៅតាមស្រះ និងបឹងនានា ដើម្បីជូនប្រជាពលរដ្ឋដែលប្រឈមនិងភាពរីងស្ងួតបានប្រើប្រាស់ឡើងវិញ។ ការចែកជូនប្រជាពលរដ្ឋ ដែលជួបការរាំងស្ងួតដោយគ្មានទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃ ចំនួន ១៧៥ គ្រួសារនេះ គឺនៅភូមិទួលសាករ និងភូមិម៉ាណោក ក្នុងឃុំ តាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
គួររម្លឹកថា ដោយយោងទៅលើភាពចាំបាច់ដោយខានមិនបាន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកសណ្ដាប់ធ្នាប់ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលាស់ បានចេញរថយន្តអគ្គិភ័យមួយគ្រឿង ផ្ទុកដោយទឹកស្អាតពេញស៊ីទែន ដើម្បីចុះជួយពលរដ្ឋដែលកំពុងដាច់ទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគ៕