រថយន្ត VIP ដឹកអ្នកដំណើរបើកលឿន បុកខឿនផ្លូវ និងបង្គោលភ្លើង ស្លាប់និងរបួស៨នាក់
ពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរ ដែលកើតឡើងដោយសាររថយន្ត VIP ដឹកអ្នកដំណើរ បើកលឿនបុកខឿនផ្លូវ និងបង្គោលភ្លើង លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ១៥០-១៥១ ក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលម៉ោង៤ និង៣០នាទី បណ្តាលអោយអ្នកធ្វើដំណើរក្នុងរថយន្តស្លាប់និងរបួសធ្ងន់ស្រាល៨នាក់ ចំណែកតៃកុងរថយន្តគេចខ្លួនបាត់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីរថយន្តម៉ាក Toyota Hiace ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8834 (អ្នកបើកបរបានរត់គេចខ្លួនបាត់) រថយន្តធ្វើដំណើរ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុបានរអិលជ្រុលទៅបុកខឿន និង បង្គោលភ្លើងបំភ្លឺផ្លូវកណ្ដាល ( ផ្លូវកោង ) ។
ហេតុការនេះ បណ្ដាលឲ្យខូចខាតរថយន្ដ ១គ្រឿង បាក់បង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល៨នាក់ ។
ក្នុងហេតុការនេះត្រូវបានជួយសង្រ្គោះភ្លាមៗយ៉ាងយកចិត្តទុកដាក់ចុះផ្ទាល់ពីសំណាក់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
តាមសមត្ថកិច្ចមូលហេតុដែលនាំអោយគ្រោះថ្នាក់នេះកើតឡើងមកពីកត្តាល្បឿន ( ផ្លូវកោង ) និងកត្តាអាកាសធាតុ មេឃរលឹម ។ ក្រោយកើតហេតុក្រៅពីការសង្គ្រោះជនរងគ្រោះសមត្ថកិច្ចបានធ្វើការវាសវែងនិងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕