ប្រកាសកំណត់ តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឃុំសឿ
បន្ទាយមានជ័យ ៖ ដើម្បីអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសកំណត់ តំបន់វិនិច្ឆ័យដីធ្លី លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ មានភូមិបល័ង្គជ្រៃ.ភូមិត្នោត.ភូមិសំបួរ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតចូលរួមផងដែរ ។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សូមធ្វើការសំណូពរ ចំនួន០៤ចំណុច ៖ ១.សូមអោយស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោយការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន ។ ២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពារបង្គោលប្រឹថពីវិភាគដែលក្រុមជំនាញបានមកបោះនៅក្នុងឃុំ ។ ៣.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយបានច្បាស់លាស់ ត្រឹមត្រូវនូវព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ ។ និងទី៤.សូមអោយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើម ដើម្បីអោយ ក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងធ្វើការបានលឿន ។
ក្នុងពិធីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្តប្រឹងប្រែង ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើន ក្នុងការធ្វើ ប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ជាឯកសារសំអាងរឹងមាំ បើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបាន កាត់បន្ថយយ៉ាងច្រើន ។
លោកអភិបាលរងខេត្ត បានធ្វើការសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់ឯកសារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមការងារ ដើម្បីអោយការអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ៕
ដោយ ៖ KPN