សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងជាងកន្លះគីឡូក្រាមនៅស្រុកដងទង់
កំពត៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ងួន អៀម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម។
ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០នាទី បន្ទាប់ពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍មកថា ជនសង្ស័យខាងលើយកថ្នាំញៀន ទៅចែកចាយនៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ ចាន់ដារ៉ា ស្នងការរង ជួយផែនការងារប្រឆាំងគ្រឿងញៀន ធ្វើយុទ្ធនាការបង្ក្រាប ហើយក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ពិតប្រាកដមែន ។
ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច បានរិបអូសវត្ថុតាង និងសាធាតុញៀនជាងកន្លះគីឡូក្រាម ក្នុងនោះមាន ថ្នាំញៀន ១៣កញ្ចប់ , ថ្នាំញៀន WY ២៧គ្រាប់, ជញ្ជីងអេឡិចត្រូនិច ២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំលាំងជំនាញបាននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕