ពិធីបិទការប្រកួតបាល់ទាត់មហាជន ពានរង្វាន់កីឡាមហាជន ខេត្តប៉ៃលិនឆ្នាំ២០២៣

ប៉ៃលិន ៖ការប្រកួតបាល់ទាត់មហាជនពានរង្វាន់ កីឡាមហាជនខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នេះ នៅតារាងបាល់ទាត់តារានិកុរ (អូរឈើក្រំ)  ស្ថិតក្រោមអធិបតីភាព លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្ត ហើយពិធីនេះដោយមានការចូលរួមពីកីឡាករបាល់ទាត់ជាច្រើនក្រុម លោកអាជ្ញាកណ្តាល ព្រមទាំងទស្សនិកជនជាច្រើននាក់ទៀតផងដែរ។

លោក ហែម តារា ប្រធានតារាងបាល់ទាត់ តារានិកុរ (អូរឈើក្រំ) ខេត្តប៉ៃលិន បានមានអោយដឹងថា៖ គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងគឺដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងបំផុសស្មារតីស្រឡាញ់ចូលចិត្តនិងលេងកីឡាដើម្បីសុខភាពផង។ លោកបានបន្តថា៖ រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួមពីស្រទាប់យុវជននៅជុំវិញខេត្តប៉ៃលិន ក៏ដូចជាវិស័យនានានៅក្នុងខេត្ត ដើម្បីញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបានដោយភាពអធិកអធម សប្បាយរីករាយ។  លើសពីនោះដើម្បីបំផុសយុវជនអោយស្រលាញ់កីឡាជៀសឆ្ងាយពីល្បែងអបាយមុខ និងគ្រឿងញៀនផងដែរ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ឡោ ស៊ុនជាង បានថ្លែងថា៖ យើងអាចមានការប្រកួតកីឡានៅថ្ងៃនេះគឺអរគុណសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកសុខសន្តិភាពនិងការអភិវឌ្ឍន៏គ្រប់ទីកន្លែង។  ជាមួយគ្នាផងនោះខេត្តប៉ៃលិនយើងវិញ ក្រោមការដឹកនាំឈ្លាសវៃ របស់ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំខេត្តប៉ៃលិនពោរពេញដោយភាពស្រស់ស្អាតទាក់ទាញទេសចរណ៍និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលនេះជាមោទនភាពមួយមិនអាចកាត់ថ្លៃបាននោះទេ។

ជាមួយគ្នានោះលោកឧកញ៉ាក៏បានសម្តែងនូវការអបអរសាទរនិងថ្លែងនូវការកោតសរសើរដ៏ស្មោះចំពោះគ្រូបង្វឹកនិងប្អូនៗកីឡាករទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការប្រកួតអស់រយះពេល០១ខែកន្លងមកនេះ ហើយម្យ៉ាងវិញទៀតយើងទាំងអស់គ្នាបានខិតខំយកចិត្តទុកដាក់រួមគ្នាបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការជំរុញ សកម្មភាពកីឡាបាល់ទាត់នៅក្នុងខេត្តឱ្យមានការរីកចម្រើនទាំងបរិមាណនិងគុណភាពស្របតាមស្តង់ដាបច្ចេកទេស ជាតិ-អន្តរជាតិ ឱ្យទទួលបាននូវប្រជាប្រិយភាពថែមទៀត។ បន្ថែមលើសពីនេះ លោកបានអំពាវនាវលើកទឹកចិត្តក្រុមកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន បន្តបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើនផងដែរ។

គួរបញ្ជាក់ផងដែរថា៖ សម្រាប់ការប្រកួតនេះប្រើរយៈពេល ៤សប្តាហ៏ មានក្រុមប្រកួតចំនួន ១៦ក្រុម ដោយបានដំណើរការចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែកក្កដា  រហូតដល់ថ្ងៃទី២៧ ខែសីហា  ឆ្នាំ២០២៣ នេះ ។ ចំពោះលទ្ធផលនៃការប្រកួតផ្តាច់ព្រ័ត្រ ដោយបានរកឃើញម្ចាស់ជើងឯកលេខ០១ បានទៅលើក្រុម សុខលាភ FC ។ ចំពោះចំណាត់ថ្នាក់លេខ២ បានលើក្រុមបងប្អូនល្អ FC ។ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម PALACE CASINO FC។ ហើយសម្រាប់រង្វាន់ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១ មេដៃមាស និងថវិកា ១,៥០០,០០០រៀល។ លេខ២ ទទួលបានមេដៃប្រាក់ និងថវិកា ១,០០០,០០០រៀល។ និងលេខ៣ទទួលបានមេដៃសំរិទ្ធ និងថវិកា ៧០០,០០០រៀល ផងដែរ។

CATEGORIES
Share This