ពលរដ្ឋរិះគន់ទៅលើម្ចាស់ទីតាំងដី១កន្លែងថាបានចាក់ដីរំលោភលើចំណីផ្លូវនិងលុបប្រឡាយធម្មជាតិ

បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង បានរិះគន់ចំៗទៅលើម្ចាស់កម្មសិទ្ធិដីមួយកន្លែងថាបានចាក់ដីរំលោភទៅលើចំណីផ្លូវ និងលុបប្រឡាយធម្មជាតិ ដោយប្តូរមកដាក់លូដែលមានមុខកាត់ត្រឹម០១ម៉ែត្រ ជាហេតុធ្វើអោយពួកគាត់មានការព្រួយបារម្ភនៅពេលភ្លៀងម្តងៗអាចបណ្ដាលឲ្យជន់លិចផ្ទះ។

ប្រជាពលរដ្ឋដដែលបានបន្តថា រយៈពេលកន្លងមក ផ្ទះរបស់ពួកគាត់នៅម្តុំភូមិសាស្ត្រខាងលើ ពេលភ្លៀងមកម្តងៗមិនដែលមានលិចលង់ចូលក្រោមផ្ទះអញ្ចឹងទេ តែមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានម្ចាស់ដីកម្មសិទ្ធិជាប់ព្រំជាមួយគ្នាគាត់ចាក់ដីខ្ពស់ៗនិងលុបប្រឡាយរំលោភយកចំណីផ្លូវ ដោយដាក់ត្រឹមតែលូមួយខ្សែដែលមានមុខកាត់ត្រឹម០១ម៉ែត្រ ធ្វើអោយបាត់បង់នូវបណ្តាញប្រភពមុខទឹក ទើបពេលភ្លៀងម្តងៗបណ្តាលអោយមានការលិចលង់ចូលដល់ក្រោមផ្ទះពួកគាត់តែម្តង។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានយើងដឹងថា ធ្វើបែបហ្នឹងមិនត្រូវទេ ដាក់លូភ្លោះទើបត្រូវ តែមិនអីទេ លោកនិងអោយក្រុមការងារទាក់ទងទៅអភិបាលស្រុកអោយចុះទៅមើលដើម្បីទប់ស្កាត់អោយដាក់ត្រូវតាមបច្ចេកទេស ហើយលោកបានដាក់លិខិតរួចហើយដើម្បីចុះទៅមើលកុំអោយលិចផ្ទះអ្នកស្រុក។

ចំណែកលោក ទេព ហន អភិបាលស្រុកមោងឬស្សី បានអោយអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះដែរថា មន្ត្រីបានទៅនិយាយហើយ គេកំពុងតែធ្វើជួបម្ចាស់គេហើយអោយថែមលូ ប៉ុន្តែគេមិនទាន់ធ្វើ ហើយគេសន្យាថានឹងធ្វើ។

CATEGORIES
Share This