ទីតាំងល្បែងជល់មាន់មួយកន្លែងនៅស្រុកបន្ទាយអំពិល សមត្ថកិច្ចចុះធ្វើកិច្ចសន្យាឲ្យបញ្ឈប់បាន១ថ្ងៃ បើកដំណើរការវិលដដែល
ឧត្តរមានជ័យ៖ ទីតាំងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅក្បែរចំណុចអាហារដ្ឋានទំនប់បង្ហៀរទឹកអូរអង្រ្គង ភូមិកន្ទេលធំ ឃុំគោមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកលេងភ្នាល់ជល់មាន់យ៉ាងសកម្ម ពុំខ្លាចរអាពីកម្លាំងសមត្ថកិច្ចចុះបង្រ្កាបនោះឡើយ។
ទីតាំងល្បែងស៊ីសងជល់មាន់ទីតាំងខាងលើនេះ នៅថ្ងៃទី២៦សីហាឆ្នាំ២០២៣ សមត្ថកិច្ចមូលដ្ឋានធ្លាប់បានចុះធ្វើកិច្ចសន្យាឲ្យបញ្ឈប់ម្តងរួច លុះស្អែកឡើងស្រាប់តែមានការប្រមូលផ្តុំគ្នាណាត់ភ្នាល់ជល់មាន់យ៉ាងគគ្រឹកគគ្រេងដដែល។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះ បានឱ្យដឹងថា ទីតាំងល្បែងជល់មាន់នេះ បើកបានរយៈពេល១ខែមកហើយ ក្នុងមួយសសប្ដាហ៍បើកលេង២ថ្ងៃ គឺលេងថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ តែប៉ុណ្តោះ។ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ឃុល ភិន អធិការស្រុកបន្ទាយអំពិល មិនអាចសុំការបញ្ជាក់បាននៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា លោកនិងដាក់កម្លាំងត្រួតពិនិត្យបន្តទៀត បើប្រសិនទីតាំងខាងលើនេះ នៅមានតែលួចបើកល្បែងស៊ីសងជល់មាន់បន្តទៀតនោះ ។
សូមបញ្ជាក់ថា ខេត្តឧត្តរមានបច្ចុប្បន្ននេះកំពុងមានល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅតាមមូលដ្ឋាននានា ដែលកត្ដាទាំងអស់នេះហើយធ្វើឲ្យមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខភូមិ–ឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះ៕