រដ្ឋបាលខេត្តព្រះវិហារ ដាំដើមឈើចម្រុះជិត១០០០ដើម ដើម្បីអបអរបុណ្យរុក្ខទិវា៩ កក្កដា
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីដាំកូនឈើប្រណិត និងកូនឈើហូបផ្លែជិត ១០០០ដើម ក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២នេះ ។ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរអង្គភាពជុំវិញខេត្ត ។
ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដាំកូនឈើប្រភេទចម្រុះសរុបចំនួនជិត១០០០ដើម ក្នុងនោះកូនឈើក្រញូង១០០ដើម កូនឈើបេងចំនួន២០០ដើម និងកូនឈើធ្នង់ចំនួន៧០០ដើម ដាំក្នុងបរិវេនសាលាបឋមសិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ បានបន្ថែមទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក៏បានចូលរួមចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម និងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។
ជាមួយនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ ឱ្យទទួលបានជោគជ័យ ក្នុងការផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុន ។
ឯកឧត្តម ក៏បានជំរុញឱ្យមន្ទីរជំនាញជុំវិញខេត្ត ត្រូវបន្តសកម្មភាពក្នុងការការពារព្រៃឈើឱ្យបានគងវង់ជាប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយ និងសង្គមជាតិយើងទាំងមូលផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ខែមករា ឆ្នំា២០២៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ លទ្ធផលបង្ក្រាបបាន ចំនួន ២៧ករណីស្មើ នឹង៣៣ម៣១៨២ ក្នុងនោះ បញ្ជូនទៅតុលាការចំនួន ២១ករណី និងបញ្ជូនទៅរដ្ឋបាលព្រៃឈើចំនួន០៦ករណី ៕