ឯកឧត្តម​ អ៊ុំ​ រាត្រី​ បើកសិក្ខាសាលា ស្ដីពី​ បញ្ហាប្រឈម​ ក្នុងការទទួលការគាំទ្រ ផ្នែកហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច​ និងមធ្យម​ វិស័យកមន្តសាល ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ជាអធិបតីភាពបើកសិក្ខាសាលា ស្ដីពី​ បញ្ហាប្រឈម​ ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច​ និងមធ្យម​ វិស័យកមន្តសាល ក្នុងខេត្តបន្ទាយមានជ័យ សិក្ខាសាលាជាតិជាស៊េរី​ ស្តីពី​ការអភិវឌ្ឍន៍​  វិស័យឯកជន​ ក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា​ នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែង​ នៃសហគ្រាសជាតិ​ (ICONE) ។

សិក្ខាសាលានេះ​ ប្រព្រឹត្តទៅដោយមានការចូលរួម​លោកបណ្ឌិត ស្តេហ្វាន់ ហាន់ហ្សឺលម៉ាន់ ប្រធានក្រុមការងារ GIZ – ICONE លោក លោកស្រីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា−សឹង្ហបូរី​ ថ្នាក់ដឹកនាំ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារកម្មវិធី ICONE​ ថ្នាក់ខេត្ត រួមមានខេត្ត បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប លោក-លោកស្រីតំណាងសមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសដែលបានអញ្ជើញចូលរួមសិក្ខាសាលា​ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយនូវ រាល់បញ្ហាប្រឈមនានាក្នុងដំណើការអភិវឌ្ឍ រវាងរដ្ឋនិងវិស័យឯកជន ព្រោះថាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍ តាមរយៈការបង្កើតការងារ ការផ្តល់ទំនិញ និងសេវាកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាដើម ។

ឯកឧត្តម​បញ្ជាក់​ថា​ វិស័យឯកជន​ ក៏ជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញ នវានុវត្តន៍ និងជាអ្នកបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលយើងជួបប្រទះ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណចំពោះ GIZ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, និងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា–សិង្ហបូរី ដែលបានផ្ដល់ការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព ក្នុងការអនុវត្តសកម្មភាពអភិវឌ្ឍនៅក្នុងខេត្ត ទាំងរដ្ឋនិងវិស័យឯកជន ហើយចំពោះមុខនេះ គឺកំពុងផ្តោតលើការអភិវឌ្ឍសហគ្រាស មកពីវិស័យទេសចរណ៍ ឧស្សាហកម្មធុនស្រាល ព្រមទាំងការកែច្នៃកសិផល និងចំណីអាហារជាដេីម ។

សូមបញ្ជាក់ផងដែរថា​ សិក្ខាសាលាដ៏នេះ ជាសិក្ខាសាលាមានលក្ខណៈ «សេរី» ពោលគឺ តាមលំដាប់នៃប្រធានបទ និងតាមទីកន្លែងនៃខេត្ត គោលដៅទាំង៣រួមមាន​ ខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ៕

CATEGORIES
Share This