ពិធីកាត់វិញ្ញាសាប្រឡង យកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក បំណាច់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក បំណាច់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានបង្ហាញពីបាយការណ៍  សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំលើកទី២៩ ដែលបានរៀបចំប្រឡងធម្មវិន័យត្រី ទោ ឯកដែលមានបេក្ខសមណៈសិស្ស បេក្ខជន ដែលបានដាក់ពាក្យប្រឡង ចំនួន១៦៩១អង្គ/នាក់ ដែលមកតាមបណ្ដាវត្តនានាក្នុងស្រុក ក្រុង ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ។ សម្រាប់វិញ្ញាសាប្រឡងមានចំនួន៤មុខវិជ្ជា ក្នុងនោះមាន ៖ ១.វិញាសាប្រជុំកងធម៌ ២.វិញ្ញាសាពុទ្ធប្បវត្តិ ៣.វិញ្ញាសាព្រះវិន័យ ៤.វិញាសាសាសនៈសុភាសិត ។

ថ្លែងក្នុងពិធីកាត់វិញ្ញាសាប្រឡងនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យសាសនា ជាវិស័យដ៏អទិភាពមួយ ដែលចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាសេសបានកសាងសមិទ្ធផលសាសនាច្រើន ចាប់ពីទីប្រជុំជន រហូតដល់ជនបទ ដើម្បីរួមចំណែកអប់រំផ្លូវចិត្តហ្នឹងសម្រាប់បណ្ដុះបណ្ដាល ចំណេះដឹង ធនធានមនុស្សប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាព សក្កដានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួមបន្តវេន ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ។

ឯកឧត្តមមានប្រសាសន៍ជឿជាក់ថា ព្រះតេជគុណដែលជាបេក្ខសមណៈ បេក្ខជន បេក្ខនារី គ្រប់ៗរូបដែលបានសិក្សាផ្នែកគន្ថធុរៈ(ការសិក្សាធម៌វិន័យ) ខាងផ្នែកព្រះពុទ្ធសាសនាតាំងពីដើមឆ្នាំ រហូតដល់ថ្ងៃប្រឡងនេះ ព្រះតេជគុណ ប្អូនៗ កូនក្មួយទាំងអស់ ពិតជាទទួលបាននូវការយល់ដឹងទ្រឹស្ដី នៃព្រះពុទ្ធសាសនា ។ មួយវិញទៀត ឯកឧត្តមសង្ឃឹមថា ក្នុងពេលបច្ចុប្បន្ននេះ និងនាពេលអនាគត ព្រះតេជគុណ ប្អូនៗ កូនក្មួយទាំងអស់ និងក្លាយជាពលរដ្ឋល្អ ពុទ្ធបរិស័ទល្អ ជាក់ជាពុំខានឡើយ ។

ក្នុងពិធីកាត់វិញ្ញាសាប្រឡងនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានប្រគល់ និងប្រគេន ទឹកសុទ្ធវីតាល់ ចំនួន១០០កេសផងដែរ ៕

ដោយ ៖ KPN

CATEGORIES
Share This