ពលរដ្ឋរាប់រយនាក់ នាំគ្នាទៅលេងសមុទ្រទឹកសាប ក្នុងខេត្តបាត់ដំបង នៅរៀងរាល់ថ្ងៃចុងសប្តាហ៍
បាត់ដំបង ៖ រយ:ពេលប្រមាណជិតមួយខែចុងក្រោយនេះ ភ្ញៀវទេសចរណ៍ក្មេងចាស់រាប់រយនាក់ មកពីជុំវិញខេត្តបាត់ដំបង និងតាមបណ្តាខេត្តផ្សេងៗទៀត បាននាំគ្នាជាលក្ខណ:គ្រួសារ ទៅលេងទឹកពហុបំណងសេកសក ផ្នែកខាងលើដោយបានដាក់ឈ្មោះថាជា ( សមុទ្រទឹកសាប ) ដើម្បីប្តូបរិយាកាស ព្រោះមានទឹករលកបោកបក់មិនចាញ់ទឹកសមុទ្រ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ឬខេត្តកែបឡើយ វាមានខ្យល់បរិសុទ្ធ និងអាចងូតទឹកលេងកម្សាន្ត បានដោយមិនចំណាយពេលវេលា ឬថវិកាច្រើនដូចការទៅលេងសមុទ្រឡើយ ។
បើតាមការលើកឡើងរបស់លោក អៀង សំអន អាយុ៥៩ ជាម្ចាស់កាណូតដឹកភ្ញៀវរស់នៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរៀបរាប់ឲ្យដឹងថា រយ:ពេល៣សប្តាហ៍ចុងក្រោយនេះតំបន់ធាទឹកប៉ែកខាងកើត នៃផ្នែកខាងលើអាងស្តុកទឹកពហុបំណងសេកសក មានភ្ញៀវទេសចរណ៍បានសម្រុកចូលលេងយ៉ាងច្រើន ហើយបើតាមការគាត់សម្គាល់នៅថ្ងៃធម្មតាមានភ្ញៀវអ្នកចូលលំហែរក៏ខ្ទង់រាប់រយនាក់ដែរ ហើយលើសពីនេះចំពោះថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យវិញភ្ញៀវទេសចរណ៍កើនឡើងអាចដល់រាប់ពាន់នាក់នៅក្នុងមួយថ្ងៃៗ ។
លោក ហម អរុណ អនុប្រធានមន្ទីរទទួលបន្ទុកទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា រម្មណីយដ្ឋានគោលដៅទេសចរណ៍ទូទាំងខេត្តបាត់ដំបង update ចុងក្រោយមានសរុបរហូត ១១៥ទីតាំង ដែលយើងអាចនិយាយបានថា ជាជង្រុកវប្បធម៌បេតិកភណ្ឌដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះមានទាំង ប្រាសាទបុរាណ , វត្តអារាម , សំណង់ស្ថាបត្យកម្មសម័យអាណានិគម ជាច្រើននៅក្នុងខេត្តដ៏វ័យចំណាស់មួយនេះ បានផ្តល់នូវសក្តានុពលយ៉ាងច្រើនដល់វិស័យទេសចរណ៍ ។
បើយោងតាមរបាយការណ៍តារាងប្រៀបធៀបស្ថិតិទេសចរស្នាក់នៅក្នុងខេត្តបាត់ដំបង ប្រចាំឆមាសទី១ គិតត្រឹមឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ រួមមាន៖ ឆ្នាំ២០១៨ ចំនួនទេសចរសរុប ៣៣២,៩៨៨នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ២៨១,៩៩៨នាក់ និងទេសចរបរទេស ចំនួន ៥០,៩៩០នាក់, ឆ្នាំ២០១៩ ចំនួនទេសចរសរុប ៣៤០,២៧៩នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ២៨៨,៨៩៣នាក់ និងទេសចរបរទេស ចំនួន ៥១,៣៨៦នាក់, ឆ្នាំ២០២០ ចំនួនទេសចរសរុប ២៣៤,៦០៤នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ២០៧,៩៤៩នាក់ និងទេសចរបរទេស ចំនួន ២៦,៦៥៥នាក់, ឆ្នាំ២០២១ ចំនួនទេសចរសរុប ៨១,៩៧២នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ៧៩,៩៩១នាក់ និងទេសចរបរទេស ចំនួន ១,៩៨១នាក់, ឆ្នាំ២០២២ ចំនួនទេសចរសរុប ២៧៤,៣៥១នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ២៦៦,៩៤៨នាក់ និងទេសចរបរទេស ចំនួន ៧,៤០៣នាក់, ឆ្នាំ២០២៣ ចំនួនទេសចរសរុប ៣០៣,២៦២នាក់ ក្នុងនោះចំនួនទេសចរក្នុងស្រុកមាន ២៨៧,៥៨៧នាក់ និងទេសចរបរទេស ចំនួន ១៥,៦៧៥នាក់ ៕
ដោយ ៖ សាលី