ត្រីមាសដំបូងឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរ កើនឡើងជាង ៦២៧ លានដុល្លារ ស្មើនឹង ២៤.៨ភាគរយ
ភ្នំពេញ៖ ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ ការនាំចេញផលិតផលកាត់ដេរ មានចំនួនទឹកប្រាក់ប្រមាណជាង ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារ ស្មើនឹង ២៤.៨% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួរលេខបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិផលការបូប គិតជាទឹកប្រាក់សរុប មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក ដោយបានកើនឡើងប្រមាណជាង ៦២៧ លានដុល្លារអាមេរិក បើប្រៀបធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ចំនួននេះបានកើនឡើងជិត ២៥%។
ជុំវិញការនាំចេញផលិតផលកាត់ដេរ, លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លើកឡើងឲ្យដឹងថា នៅក្នុងរយៈពេលកន្លងមកនេះ ការបញ្ជាទិញពីទីផ្សារខាងក្រៅ បានកើនឡើងគួរជាទីកត់សម្គាល់ ក្នុងនោះទីផ្សារដែលលេចធ្លោជាងគេ គឺការនាំចេញនាំទៅកាន់ទីផ្សារអាមេរិក ។ ទាក់ទងនឹងការនាំចេញនេះដែរ លោក បានរំពឹងថា ការនាំចេញផលិតផលកាត់ដេរ នឹងមាននិន្នាការបន្តល្អប្រសើររហូតដល់ដំណាច់ឆ្នាំ។
លោក បានបន្តថា បន្ទាប់ពីស្ថានភាពនៃការរីលរាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា មានស្ថិរភាពល្អជាបណ្តើរៗ នឹងស្របពេលកម្ពុជាទទួលបានទទួលបានក្រុមហ៊ុនវិនិយោគលើវិស័យកាត់ដេរជាបន្តបន្ទាប់ ក្នុងនោះសម្រាប់ការផលិតនៅទីផ្សារក្នុងស្រុក អាចឆ្លើយតបទៅនិងតម្រូវការនាំចេញបាន តែទោះបីយ៉ាងណា យើងបានជួបបញ្ហាបន្តិចបន្តួច ក្នុងការរើសកម្មករថែម ជាពិសេសសម្រាប់តំបន់ភ្នំពេញជាដើម។
ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញច្បាប់ស្តីពីគារវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា នឹងថ្មីៗនេះ រាជរដ្ឋាភិបាលបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាបន្ថែមទៀតនោះ, ដែលផែនការសកម្មភាពទាំងអស់នេះ គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ជម្រុញអភិវឌ្ឍន៍លើកវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា ដែលវិស័យនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់វិស័យការងារ និងកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២–២០២៧ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលដែលលក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅឆ្នាំ២០២៧៕