ការត្រួតពិនិត្យការនាំចេញ បានបន្តក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ តាមច្រកសមុទ្រខ្មៅ

អង្គការសហប្រជាជាតិ និយាយថា ការត្រួតពិនិត្យ បានបន្តកាលពីថ្ងៃអង្គារទី៩ ខែឧសភា នូវនាវាដឹកទំនិញចេញក្រោមកិច្ចព្រមព្រៀង អនុញ្ញាតឲ្យមានការនាំចេញគ្រាប់ ធញ្ញជាតិអ៊ុយក្រែន នៅសមុទ្រខ្មៅដោយសុវត្ថិភាពដែលទីក្រុងមូស្គូ បានគំរាមបញ្ឈប់នៅត្រឹមពីថ្ងៃទី១៨ ខែឧសភាជុំវិញការរាំងដំណើរការនាំចេញជី និងគ្រាប់ធញ្ញជាតិរបស់ខ្លួន។

អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានសម្របសម្រួល កិច្ចព្រមព្រៀងនាំចេញតាមច្រក​សមុទ្រខ្មៅ កាលពីខែកក្កដា ដើម្បីជួយដោះស្រាយ វិបត្តិស្បៀងអាហារសកល ដែលបានធ្លាក់​ចុះធ្ងន់ធ្ងរដោយសារសង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិ បានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមមួយ (JCC) នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលអនុវត្តកិច្ចព្រមព្រៀងនេះ។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq និយាយថា មជ្ឈមណ្ឌលសម្របសម្រួល​រួម(JCC) បានបញ្ជាក់ថា ការត្រួតពិនិត្យ បានបន្តនៅថ្ងៃនេះ លើនាវានាំទំនិញចេញ។ ក្រុមមន្ត្រីជាន់ខ្ពស់ មកពីភាគីទាំង៤ បានកំណត់ពេលជួបប្រជុំគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅសប្តាហ៍នេះដើម្បីពិភាក្សា។

ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួននឹងមិនបន្ថែមពេលកិច្ចព្រមព្រៀងឲ្យលើសពីថ្ងៃទី១៨ ខែឧសភា នោះទេ លុះត្រាតែការទាមទាររបស់ខ្លួន ត្រូវបានបំពេញ ដើម្បីដកចេញឧបសគ្គចំពោះការនាំចេញជី និងគ្រាប់ធញ្ញជាតិផ្ទាល់របស់ខ្លួន។

ដើម្បីជួយបញ្ចុះបញ្ចូលឲ្យរុស្ស៊ី អនុញ្ញាតឲ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិ​តាមច្រកសមុទ្រខ្មៅ កិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ត្រូវបានជាប់គាំងកាលពីខែកក្កដា អង្គការសហប្រជាជាតិបានព្រមព្រៀងជួយទីក្រុងមូស្កូសម្របសម្រួលការដឹកជញ្ជូនទាំងនេះ។

ខណៈការនាំចេញរបស់រុស្ស៊ីនូវទំនិញទាំងនេះពុំមែនជាគោលដៅទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលត្រូវបានដាក់ បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ទីក្រុងមូស្គូ និយាយថា ការរឹតត្បិតលើការបង់ប្រាក់ ការដឹកជញ្ជូន និងការធានារ៉ានប់រង គឺជាឧបសគ្គចំពោះការដឹកជញ្ជូននេះ។

CATEGORIES
Share This