ភោជនីយដ្ឋានចំនួន៧កន្លែង បានសន្យាបញ្ឈប់ការលក់សាច់សត្វព្រៃ ដើម្បីចូលរួមអភិរក្សសត្វព្រៃ នៅក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ម្ចាស់ភោជនីយដ្ឋានចំនួន៧កន្លែង បានសន្យាបញ្ឈប់ការលក់សាច់សត្វព្រៃ តាមរយៈការចម្អិនធ្វើម្ហូបទៅឱ្យភ្ញៀវទៀតហើយ ដើម្បីរក្សាកំណើនសត្វព្រៃនៅកម្ពុជា ។

ការណ៍នេះ ធ្វើឡើងគ្រាដែលមានការផ្សព្វផ្សាយ ពីការបាត់បង់ និងវិនាសហិនហោចនៃសត្វព្រៃ ក្នុងយុទ្ធនាការ(អន្ទាក់សូន្យ) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ។

ជាមួយគ្នានឹងការសន្យា បញ្ឈប់ការលក់សាច់សត្វព្រៃ ពីម្ចាស់ភោជនីយដ្ឋានខាងលើ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក៏បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីការផ្សព្វផ្សាយ អត្ថប្រយោជន៍នៃធនធានធម្មជាតិ និងជីវៈចំរុះ សត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ ។

លោក ស៊ា បូរី អ្នកគ្រប់គ្រងទូទៅ នៅភោជនីយដ្ឋានផ្លាណឺរ ដែលស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយថា ការលក់សាច់សត្វព្រៃទៅឱ្យអតិថិជនគឺទទួលបានតំលៃថ្លៃ និយាយរួមគឺចំនេញបានច្រើន អ្នកលក់ភាគច្រើនមិនបានគិតដល់ការបាត់បង់ វិនាសហិនហោចនៃសត្វព្រៃនោះទេ ហើយពិសេសអ្នកលក់និងចម្អិនមិនបានគិតដល់ផលប៉ះពាល់ផ្សេងៗដែលផ្តើមចេញពីសត្វព្រៃទៅភ្ញៀវផងដែរ ។

អ្នកចាត់ការទូទៅរូបនេះបន្តថា លោកទើបតែទទួលបានច្បាស់នៅពេលនេះក្រោយមានការផ្សព្វផ្សាយពីអ្នកជំនាញនៃក្រសួងបរិស្ថានថាសត្វព្រៃមានជំងឺជាច្រើននៅក្នុងខ្លួនដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកបរិភោគ។ជាការពិតណាស់សត្វព្រៃគឺវាមិនដូចជាសត្វចិញ្ចឹមនោះទេគឺការរស់នៅរបស់វាពុំមានការគ្រប់គ្រងឱ្យដូចសត្វចិញ្ចឹមនៅក្នុងកសិដ្ឋាននោះឡើយ ពីព្រោះសត្វព្រៃងាយនឹងឆ្លងប៉ារ៉ាស៊ីត មេរោគ និងគ្រោះ ថ្នាក់ផ្សេងទៀតដែលគេមើលមិនឃើញនៅក្នុងសាច់ តែចំពោះសត្វចិញ្ចឹមនៅក្នុងកសិដ្ឋានគឺមានការគ្រប់គ្រងថែទាំនិងព្យាបាលត្រឹមត្រូវ ធានាបានដល់ផាសុខភាពសម្រាប់អ្នកពិសា ។

ជាមួយនិងការលើកឡើងនេះដែរ លោក ស៊ា បូរី បានអំពាវនាវដល់គ្រប់ភោជនីយដ្ឋាននិងអ្នកចម្អិនទាំងអស់ឱ្យបញ្ឈប់ការលក់និងចម្អិនសាច់សត្វព្រៃតទៀតទៅ ហើយយើងគួរតែចាប់ផ្តើមពីខ្លួនយើង ដោយមិនលក់ មិនចម្អិន មិនបរិភោគសាច់ព្រៃ ព្រោះសត្វព្រៃមានគុណតម្លៃខ្លាំងណាស់សម្រាប់មនុស្សជាតិគ្រប់រូប។ការមិនលក់ ការមិនចម្អិន ការមិនបរិភោគសាច់សត្វព្រៃរបស់ម្ចាស់ភោជនីយដ្ឋាននានានិងអ្នកពិសាគ្រប់រូប គឺជាកត្តាជំរុញឱ្យគ្មានការបរបាញ់ ដាក់អន្ទាក់និងសម្លាប់សត្វព្រៃតទៅទៀត ហើយការមិនបរបាញ់ មិនដាក់អន្ទាក់និងមិនសម្លាប់សត្វព្រៃនិងធ្វើឱ្យសត្វព្រៃមានកំណើនឡើងវិញពិសេសរក្សាបាននូវវត្តមានសត្វព្រៃរបស់កម្ពុជាឱ្យស្ថិតនៅគង់វង្សតដល់កូនចៅជំនាន់ក្រោយៗ ។

សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា មានភោជនីយដ្ឋានជាង៧០កន្លែង នៅក្នុងខេត្តចំនួន៨រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ បានធ្វើការប្ដេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនិងតំបន់អភិរក្សសត្វព្រៃ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This